(បរទេស)៖ ក្រុមហ៊ុនសូហ្វវែរយក្ស Oracle នៅដើមសប្តាហ៍នេះបានប្រកាសថា ខ្លួនគ្រោងនឹង ធ្វើការប្រកាសរួមគ្នា ជាមួយក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia ដើម្បីរកប្រាក់ចំណេញបន្ថែម ស្របពេលដែលតម្រូវការ AI កំពុងមានសន្ទុះ។ ការប្រកាសរបស់ Oracle នៅពេលនេះគឺបន្ទាប់ពីប្រាក់ចំណេញប្រចាំត្រីមាស ទទួលបានច្រើនលើសការរំពឹងទុក និងធ្វើឲ្យតម្លៃភាគហ៊ុនក្រុម ហ៊ុននេះកើនឡើងខ្ទង់១៤%។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ការកើនឡើងនូវតម្លៃភាគហ៊ុនរបស់ Oracle នៅដើមសប្តាហ៍នេះ បានជួយឲ្យក្រុមហ៊ុននេះរកប្រាក់បានច្រើនជាង ៤០ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុននេះបានព្យាយាមយកឈ្នះលើក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតដូចជា Amazon។ ជាពិសេស Oracle បានព្យាយាមបង្កើនតម្រូវការនានា សម្រាប់ផែនការជាវរបស់ខ្លួនតាមរយៈភាពជាដៃគូជាមួយគូប្រជែង Microsoft និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia។

នាយកប្រតិបត្តិ Oracle បានលើកឡើងពី Nvidia យ៉ាងហោចណាស់បីដងអំឡុងពេល កម្មវិធីប្រកាសប្រាក់ចំណេញ ហើយបាននិយាយថា ការប្រកាសរួមគ្នានឹងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ។ អំឡុងការប្រកាសនេះ ក្រុមហ៊ុនបានបង្ហាញប្រាក់ចំណេញ ១.៤១ដុល្លារក្នុងមួយហ៊ុនសម្រាប់ត្រីមាសទី៣ កើនឡើង ១៦% លើសពីការប៉ាន់ស្មានរបស់ LSEG។ ប្រការនេះ ធ្វើឲ្យក្រុមអ្នកវិនិយោគមានសង្ឃឹមកាន់តែខ្លាំង លើក្រុមហ៊ុននេះនាពេលខាងមុខ៕