(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គ្រោងនឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល ឬ Video Assistant Referee (VAR) ដើម្បីធានាបាននូវសុក្រឹត្យភាពបន្ថែមទៀត ក្នុងការប្រកួតនៅកម្ពុជា ក៏ដូចជាកាត់បន្ថយនូវបាតុភាពនានាពាក់ព័ន្ធនឹងអាជ្ញាកណ្ដាលផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៨ នាសណ្ឋាគារមួយនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ។

មន្ដ្រីជាន់ខ្ពស់ FFC ខាងលើបានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ លោកសង្កេតឃើញមានផ្ទុះការចាប់អារម្មណ៍ខ្លាំងរឿងអាជ្ញាកណ្ដាល ពាក់ព័ន្ធទៅនឹងការអនុវត្តតួនាទីលើទីលាន។ បាតុភាពនេះបានធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធពិចារណា ឬអាចឈានទៅដល់ការប្រើប្រាស់ជំនួយការអាជ្ញាកណ្ដាល (VAR) ទោះបីដឹងថា មានតម្លៃខ្ពស់យ៉ាងណាក៏ដោយ។

លោក ខៀវ សាម៉េត បន្ដថា «យើងអាចសម្លឹងទៅមើលការប្រើប្រាស់ជំនួយការអាជ្ញាកណ្ដាល (VAR)។ នេះជាគម្រោងដ៏មានតម្លៃខ្ពស់ ហើយការចំណាយក៏អាចកើនឡើង (នេះគឺជាការប៉ាន់ស្មាន)។ នៅពេលយើងដាក់ជំនួយការអាជ្ញាកណ្ដាលនេះ ក៏មិនអាចបញ្ចប់រឿងដែរ ដូចយើងមើលបាល់ទាត់ពិភពលោក ក៏ដូចជា Premier Leaguer រៀងរាល់សប្ដាហ៍ តែងតែមានបញ្ហាចម្រូងចម្រាសរឿងអាជ្ញាកណ្ដាល តែសំខាន់បំផុត យើងនឹងដាក់ចំណាត់ការ និងធ្វើការងារទាំងអស់នេះ ដើម្បីបាល់ទាត់កម្ពុជា»

គួរដឹងថា មួយរយៈពេលចុងក្រោយនេះ បានផ្ទុះការចាប់អារម្មណ៍រឿងអាជ្ញាកណ្ដាល ពិសេសបន្ទាប់ពីក្លិបបាល់ទាត់ វិសាខាដែលបានប្រកាសដកខ្លួនពីលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ក៏ផ្ដើមចេញពីរឿងអាជ្ញាកណ្ដាលនេះដែរ។ ការណ៍នេះនាំឲ្យមានការជជែកវែកញែក និងមតិផ្សេងៗលើបណ្ដាញសង្គម រហូតសហព័ន្ធបានធ្វើសន្និសីទសារព័ត៌មានកាលពីដើមសប្ដាហ៍កន្លងទៅ ដើម្បីធ្វើការបកស្រាយទៀតផង៕