(ភ្នំពេញ)៖ ជំនួបកីឡាករមកពីក្លិបក្រសួងការពារជាតិកីឡាករ ធន់ អៀងឡៃ និងកីឡាករ រិន ដេវីត មកពីក្លិប KKIF និងកើតឡើងជាថ្មីម្តងទៀត នៅលើទឹកដីនៃខេត្តតាកែវ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ខាងមុននេះ ក្នុងជំនួបលើកទី២ ដណ្ដើមខ្សែក្រវាត់ រាជសីគុនខ្មែរ ខណៈ Mc Vutha បានលើកឡើងថា ជំនួបនេះនឹងមិនប្រកាសលទ្ធផលភ្លាមៗ នោះទេ ប្រសិនបើមានករណីមួយនេះកើតឡើង។

ជំនួបរវាង ធន់ អៀងឡៃ ប៉ះ រិន ដេវីត ធ្លាប់មានភាពចម្រូងចម្រាស់យ៉ាងខ្លាំង រហូតសហព័ន្ធប្រដាល់គុនខ្មែរ បានចេញមកសម្របសម្រួលរហូតដល់ជំនួបមួយនេះកើតឡើងជាថ្មីម្ដងទៀត។ រំលឹកថា កាលពីជំនួបដណ្ដើមខ្សែរក្រវាតលើកទី១ កាលពីថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ កីឡាករ ធន់ អៀងឡៃ ត្រូវបានចៅក្រមនិងគណៈវិនិឆ័យដាក់ពិន្ទុអោយឈ្នះ រិន ដេវីត គ្រានោះមានការមិនពេញចិត្តរហូតផ្ទុះការតវ៉ា ឈានដល់ដាក់ពាក្យបណ្ដឹងទៅកាន់សហព័ន្ធ ។

ហើយក៏មានការដោះស្រាយនៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំដដែល ឯកឧត្តម ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធប្រដាល់គុនខ្មែរ បានចេញសេចក្ដីសម្រេចថាអោយ រិន ដេវីត ទទួលជ័យជម្នះវិញ ជាមួយនឹងការបែងចែកតំលៃខ្សែរក្រវាត់អោយស្មើគ្នាហើយទុកខ្សែក្រវាត់នៅកណ្ដាលដើម្បីប្រកួតដណ្ដើមម្ដងទៀតនៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះ។

ជាមួយគ្នានោះ ផលិតករកម្មវិធីប្រដាល់នៅសង្វៀនថោន លោក Mc Vutha បានលើកឡើងថាលទ្ធផលអាចនឹងមិនប្រកាសភ្លាមៗនោះទេ នៅក្នុងជំនួបលើកទី២ នេះ ប្រសិនបើមានកីឡាករទាំងពីររូប ធ្វើខុសបទបញ្ជារនៅក្នុងការប្រកួតនៅលើសង្វៀន ដែលជាហេតុនាំអោយមានភាពមិនប្រក្រតីកើតឡើងនៅលើសង្វៀនពេលប្រកួត ក្រុមការងារពាក់ព័ន្ធ បានសម្រេចថា នឹងមិនប្រកាសលទ្ធផលភ្លាមៗនោះទេ ដោយត្រូវរង់ចាំពិនិត្យអោយបានដិតដល់ជាមុនសិនមុនឈានដល់ការប្រកាស។

MC Vutha បានបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំជឿជាក់ថា កីឡាករទាំងពីរសុទ្ធតែស្រែកឃ្លានជ័យជំនះរៀងខ្លួន ដូចនេះខ្ញុំរំពឹងខ្ពស់ថាថ្ងៃប្រកួតនៅខេត្តតាកែវ គឺពួកគាត់ទាំងពីរនឹងមិនអោយមានមន្ទិលបន្តទៀតទេ, ពួកគាត់ធ្វើយ៉ាងណាអោយដាច់ស្រេចក្នុងការប្រកួតហ្គង់ចេញម្រាមប្រកួត ៥ទឹក ប៉ុន្តែប្រសិនបើកីឡាករនៅលើសង្វៀន បានបង្កើតកំហុសដោយចេតនាក្ដី ឬអចេតនាក្ដី។

ឧទារហ៍ថា បើគាត់ទាត់ចំក្រចាប់ការពារ ឬក៏ជ្រុលដៃថែមគ្នានៅលើសង្វៀន យើងនឹងមិនប្រកាសលទ្ធផលភ្លាមៗនោះទេ រង់ចាំការត្រួតពិនិត្យអោយបានល្អិតល្អន់ជាមួយមុនសិន ព្រោះយើងមិនចង់បង្កើតកំហុសម្ដងទៀតនោះទេ ព្រោះពួកយើងមានវិប្បដិសារីចំពោះរឿងដែលកើតកន្លងមក»

យ៉ាងណាមិញ ផលិតករកម្មវិធីប្រដាល់រូបនេះ ក៏បានបញ្ចាក់ទៀតថា នៅថ្ងៃទី១៤ ខែមីនានេះ ក៏មានភាគីចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយតំណាងម្ចាស់ឧបត្តម្ភកម្មវិធី ក៏ដូចជាតំណាងស្ថានីយ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់លើកការដាក់ពិន្ទុរបស់កីឡាករទាំងអស់ដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធី រាជសីគុនខ្មែរ ដែលរៀបចំធ្វើនៅទីរួមខេត្តតាកែវ និងមានផ្សាយផ្ទាល់លើផេកផ្លូវរបស់ស្ថានីយ Town ផងដែរ៕