(ព្រះសីហនុ)៖ គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights មានមោទកភាព ប្រកាសអំពីការចាប់ផ្ដើមនូវភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយសន្និបាត Annual Investment Meeting ហៅកាត់ថា AIM Congress ដែលជាវេទិកាវិនិយោគដ៏ល្បីរបស់សហភាពអារ៉ាប់រួម។

កិច្ចសហការនេះ ជាការបោះជំហានដ៏ធំមួយ ក្នុងការពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

កិច្ចសហការនេះ លេចចេញជារូបរាងឡើង ក្រោយពីឆ្លងកាត់កិច្ចចរចា អស់រយៈពេលជិតមួយឆ្នាំ រួមជាមួយដំណើរទស្សនកិច្ចជាច្រើន លើកពីសំណាក់អគ្គនាយកសន្និបាត AIM Congress។
កិច្ចព្រមព្រៀងលើភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅក្នុងពិធីចុះហត្ថលេខា ដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃគម្រោង Bay of Lights ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់ជាវេទិកាសម្រាប់វិនិយោគិន និងមន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ ពីឱកាសវិនិយោគដ៏ទូលំទូលាយនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Dawood Al Shezawi ប្រធាននៃ AIM Congress នៅក្នុងពិធីចុះហត្ថលេខា ។

សូមបញ្ជាក់ថា សន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈឹមបូព៌ាដែលផ្ដោតសំខាន់លើ ការវិនិយោគផ្ទាល់ពីបរទេស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិភូចូលរួមជាង ១ម៉ឺននាក់ មកពី ១៧៥ប្រទេស និងមានការដាក់តាំងបង្ហាញអាជីវកម្មពីក្រុមហ៊ុនជាង ៥០០ មកពីជុំវិញពិភពលោក។

លើសពីនេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ជាមួយ AIM Congress ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងគេនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ផ្ទាល់។ មជ្ឈមណ្ឌលនេះ នឹងជាបណ្ដុំនៃសន្និបាតលំដាប់ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើន ដែលនឹងអាចទាក់ទាញលំហូរវិនិយោគពីតំបន់មជ្ឈឹមបូព៌ា ចូលមកកាន់តំបន់អាស៊ី ដែលនឹងជំរុញឲ្យមានការរីកចម្រើន ដែលមិនអាចប្រៀបផ្ទឹមបាន។

បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ក៏នឹងត្រៀមបង្ហាញនូវសមិទ្ធផលមួយទៀតផងដែរ ក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី ដោយគម្រោង Bay of Lights និង AIM Congress គ្រោងនឹងសម្រេចសម្រួលគ្នា លើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញាខ្ពស់ របស់ភាគីទាំងពីរក្នុងការបង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

គម្រោង Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ឈានមុខគេជាមួយចក្ខុវិស័យ ក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ។ ជាមួយទំហំវិនិយោគ ១៦ពាន់លានដុល្លារ គម្រោងទីក្រុងនេះលាតសន្ធឹងលើផ្ទៃដី ៩៣៤ហិកតា ជាមួយផែនការមេដែលបានរចនាឡើង យ៉ាងល្អិតល្អន់ដោយបែងចែកជា៩តំបន់ផ្សេងៗគ្នា ផ្អែកលើសរសរស្តម្ភនៃការអភិវឌ្ឍទាំង៦ រួមមាន សេវាកម្មហិរញ្ញវត្ថុ, ទេសចរណ៍, ការអប់រំ, ការកម្សាន្ត និងរស់នៅ, សុខភាព និងសុខុមាលភាព រួមទាំង សិល្បៈ និងវប្បធម៌ផងដែរ។

ឈរលើចក្ខុវិស័យក្នុងការបង្កើតគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ការរចនាប្រកបដោយយុទ្ធសាស្ត្រ របស់គម្រោង Bay of Lights នេះ នឹងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងពហុវិស័យ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច៕