(បរទេស)៖ ក្រុមហ៊ុន Xiaomi របស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី (EV) ម៉ូដែលដំបូងបង្អស់របស់ខ្លួនគឺ SU7 នៅក្នុងព្រឹត្តិការណ៍ សម្ពោធដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

Xiaomi ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៥ របស់ប្រទេសចិន តាមការបង្ហោះនៅលើ Weibo នាពេលថ្មីៗនេះ Xiaomi បាននិយាយថា មកដល់ពេលនេះខ្លួនមានហាងសរុបចំនួន ៥៩នៅក្នុងទីក្រុងចំនួន ២៩នៅទូទាំងនេះប្រទេស ដែលត្រៀមទទួលការបញ្ជាទិញរថយន្តអគ្គិសនីម៉ូដែលដំបូងរបស់ខ្លួន។ ការប្រកាសនេះគឺជាភាពជោគជ័យដ៏ធំបំផុតមួយរបស់ Xiaomi ក្នុងការឈានជើងចូលវិស័យរថយន្តអគ្គិសនី ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងត្អូញត្អែរនឹងការប្រកួតប្រជែង។

យ៉ាងណាមិញបន្ទាប់ពី Xiaomi បង្ហោះសារនៅលើ Weibo ក្រោយមកគេសង្កេតឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើងប្រមាណ ៧ភាគរយឯណោះ។ ក្នុងការដាក់បង្ហាញរថយន្ត Speed Ultra 7 (SU7) sedan ក្នុងខែធ្នូ នាយកប្រតិបត្តិលោក Lei Jun បាននិយាយថា Xiaomi គ្រោងនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំរបស់ពិភពលោក។

លោក Lei បានបង្ហើបឱ្យដឹងថា រថយន្តអគ្គិសនីម៉ូដែល SU7 របស់ Xiaomi នឹងចេញមកជាមួយនឹងបច្ចេកវិទ្យាពិសេសដែលមានឈ្មោះថា «Super Electric Motor» ដែលវាមានសមត្ថភាពផ្តល់ល្បឿន និងបង្កើនល្បឿនបានលឿនជាងបើធៀបទៅនឹង Tesla និងរថយន្តអគ្កិសនីពីក្រុមហ៊ុន Porsche។ ខណៈការលើកឡើងនេះ ហាក់បង្ហាញពីជំនឿចិត្តខ្ពស់របស់ Xiaomi ទៅលើវិស័យរថយន្តអគ្គិសនី ស្របពេលដែលក្រុមហ៊ុនចិននេះ កំពុងតែព្យាយាមបង្កើនជំនាញអាជីវកម្មរបស់ខ្លួន លើសពីអាជីវកម្មស្នូលផលិតស្មាតហ្វូននាពេលបច្ចុប្បន្ន។

គួរជម្រាបដែរថា រថយន្តអគ្គិសនី (EVs) របស់ក្រុមហ៊ុន Xiaomi នឹងត្រូវបានផលិតដោយក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិនគឺ BAIC Group នៅក្នុងរោងចក្រប៉េកាំងដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំខ្ទង់ ២០០,០០០ គ្រឿង។ ក្រុមហ៊ុនស្មាតហ្វូនយក្សនេះបានបង្ហាញជំហរ ដោយសន្យាថានឹងវិនិយោគប្រមាណ ១០ពាន់លានដុល្លារលើរថយន្តក្នុងរយៈពេលមួយទសវត្សរ៍ និងជាអ្នកលេងថ្មីមួយនៅក្នុងទីផ្សាររថយន្ត EV របស់ប្រទេសចិន ដើម្បីទទួលបានការយល់ព្រមពីអាជ្ញាធរដោយមិនមានការស្ទាក់ស្ទើរក្នុងការបន្ថែមទៅលើការផ្គត់ផ្គង់៕