(ភ្នំពេញ)៖ មិនថាការសន្សំសម្រាប់អាពាហ៍ពិពាហ៍ ថវិកាទំនុកបម្រុងសម្រាប់ការសិក្សារបស់កូនៗ ការទិញផ្ទះក្នុងក្តីស្រមៃ ឬបណ្តាក់ទុនរួមគ្នា ដើម្បីបើកអាជីវកម្មក្តី គណនី «សន្សំដើម្បីគោលដៅ» របស់ធនាគារ វីង នឹងជួយឱ្យការសន្សំជាលក្ខណៈបុគ្គល ឬជាក្រុម អាចសម្រេចគោលដៅហិរញ្ញវត្ថុ កាន់តែមានប្រសិទ្ធភាព។

ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើការដំណោះស្រាយហិរញ្ញវត្ថុថ្មីបំផុតមួយ ដើម្បីរួមចំណែកជាមួយប្រជាជនកម្ពុជាក្នុងការបណ្តុះនូវទម្លាប់សន្សំប្រាក់ ហើយថែមទាំងអាចបង្កើនចំណូលជាមួយអត្រារការប្រាក់ខ្ពស់ ដែលអាចជួយដល់ពលរដ្ឋកម្ពុជាសម្រេចគោលដៅហិរញ្ញវត្ថុ មិនថាគោលដៅនោះមានរយៈពេលខ្លី ឬរយៈពេលវែងនោះឡើយ។

គណនីសន្សំដើម្បីគោលដៅ របស់ធនាគារ វីង ក្លាយជាជម្រើសនៃដំណោះស្រាយដ៏ល្អ សម្រាប់ការរៀបចំផែនការអាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ ការសន្សំសម្រាប់ផែនការវិស្សមកាល ថវិកាបម្រុងសម្រាប់ការសិក្សារអប់រំ ការទិញផ្ទះក្នុងក្តីស្រមៃ ការចាប់ផ្តើមអាជីវកម្ម ឬសន្សំដើម្បីគោលដៅផ្សេងៗជាច្រើនទៀត។ គណនីសន្សំដើម្បីគោលដៅ ផ្តល់នូវភាពបត់បែន និងការជំរុញលើកទឹកចិត្ត ដើម្បីជួយឱ្យគោលបំណងទាំងនោះអាចសម្រេចទៅបានយ៉ាងរលូន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា «ជាមួយនឹងគណនីសន្សំដើម្បីគោលដៅ អតិថិជននឹងអាចទាញយកប្រយោជន៍ ពីមធ្យោបាយនៃការសន្សំដ៏មានសក្តានុពលមួយនេះ ដែលផ្តល់នូវភាពងាយស្រួល បត់បែន និងអត្រាការប្រាក់ខ្ពស់ ក្នុងការជួយជំរុញគោលដៅរបស់ពួកគេឱ្យសម្រេចបានកាន់តែលឿនជាងពេលមុនៗ»

អតិថិជនអាចដាក់សន្សំជាមួយគណនីសន្សំដើម្បីគោលដៅ បានទាំងរូបបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារ ជាមួយនឹងរយៈពេលនៃការសន្សំចាប់ពី១ខែ រហូតដល់ ៦០ខែ ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានអត្រាការប្រាក់ខ្ពស់ ៨,៧៥ ភាគរយ ក្នុងមួយឆ្នាំ។ ការទទួលបានអត្រាការប្រាក់ខ្ពស់បែបនេះ ជំរុញឱ្យមានការសន្សំប្រកបដោយភាពឆ្លាតវៃ ដែលអាចបង្កើនផលចំណេញត្រឡប់មកវិញបានយ៉ាងល្អប្រសើរ។

គណនីសន្សំដើម្បីគោលដៅ មានលក្ខណៈស្រដៀងគ្នាទៅនឹង គណនីប្រាក់បញ្ញើមានកំណត់ ដោយមានបន្ថែមជាមួយនូវភាពបត់បែន ដែលអនុញ្ញាតឱ្យអតិថិជនអាចកំណត់ពេលដាក់ប្រាក់សន្សំបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយអាចដាក់សន្សំប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ពីរសប្តាហ៍ម្តង ឬប្រចាំខែក៏បានដែលផ្តល់ជាជម្រើសស្របតាមស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន។

អតិថិជនអាចបើកគណនីសន្សំដើម្បីគោលដៅ តាមរយៈអេប Wing Bank នៅលើស្មាតហ្វូន ជាមួយនឹងការដាក់សន្សំដំបូងត្រឹមតែ ២០.០០០រៀល ឬ៥ដុល្លារប៉ុណ្ណោះ ដែលផ្តល់នូវភាពបត់បែន ទៅដល់អតិថិជនទាំងអស់ងាយស្រួល ក្នុងការចាប់ផ្តើមសន្សំ។

លក្ខណៈពិសេសលេចធ្លោមួយ នៃគណនីសន្សំដើម្បីគោលដៅ នោះគឺអាចអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់សន្សំជាលក្ខណៈបុគ្គល ឬជាក្រុមនៅក្នុងគណនីសន្សំតែមួយ ដោយអាចមានសមាជិកចូលរួមរហូតដល់ ១០នាក់។ ការសន្សំជាលក្ខណៈបុគ្គល ឬជាក្រុម អាចបង្កើតរហូតដល់ចំនួនប្រាំគណនី ដោយផ្តល់បែបផែនគោលដៅជាច្រើនផ្សេងៗគ្នា ទៅដល់អតិថិជនងាយស្រួលកំណត់គោលដៅក្នុងការសន្សំ។

មុខងារសំខាន់មួយទៀត ចំពោះគណនីសន្សំដើម្បីគោលដៅ គឺការជួយតាមដានវឌ្ឍនភាព ក៏ដូចជាជំរុញលើកទឹកចិត្ត ដើម្បីប្រាកដថាគោលដៅហិរញ្ញវត្ថុរបស់អតិថិជន អាចសម្រេចទៅបានដោយរលូន។ តាមរយៈអេប Wing Bank ម្ចាស់គណនីសន្សំជាលក្ខណៈបុគ្គល ឬក៏ជាសមាជិកនៃគណនីសន្សំរួមគ្នា អាចតាមដានការសន្សំរបស់ពួកគេបានយ៉ាងងាយស្រួល និងពិនិត្យមើលកំណើននៃប្រាក់សន្សំ ដើម្បីប្រាកដថា អតិថិជននៅតែរក្សាដំណើរការឆ្ពោះទៅ សម្រេចគោលដៅសន្សំបានដោយជោគជ័យ៕