(ភ្នំពេញ)៖ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា (Larryta Express) បានចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) ។ នេះជាលើកទី ២ ហើយ ដែលក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា និង RMA Cambodia បានធ្វើការចុះអនុស្សារណៈ ជាមួយនឹងគ្នា បន្ទាប់ពីក្រុមហ៊ុន ឡារីតា បានបញ្ជាទិញនូវរថយន្ត Ford Transit បន្ថែម ។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ford បានថ្លែងនៅក្នុងពិធីនេះថា «ក្រុមហ៊ុន ជាដៃគូភាគី ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចុះអនុស្សារណៈនេះ រួមមានការត្រួតពិនិត្យបច្ចេកទេស រថយន្តជាប្រចាំ ការប្តូរប្រេងម៉ាស៊ីន តម្រងប្រេង តម្រងខ្យល់ ដោយឥតគិតថ្លៃ សំរាប់ការប្រើប្រាស់ ២០,០០០ គីឡូម៉ែតដំបូង និងការធានាពីរោងចក្រលើបច្ចេកទេសយានយន្តសំរាប់ការប្រើប្រាស់ដល់ ១០០,០០០ គីឡូម៉ែត្រ ឬរយៈពេល ៣ ឆ្នាំ និងការផ្តល់អាទិភាពខ្ពស់សម្រាប់សេវាកម្មជួសជុល និងគ្រឿងបន្លាស់»។

លោកថា ក្រុមជាង បច្ចេកទេសរបស់រថយន្ត Ford នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរពីមូលដ្ឋានគ្រឹះក្នុងការថែទាំ ជួសជុល និង ពីរបៀបដំណើរការប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៀត និងផ្តល់សេវាជួសជុល ចល័ត ២៤ ម៉ោង និងគ្រប់ខេត្តក្រុង ដើម្បីកុំឲ្យមានការរអាក់រអួលក្នុងការបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ របស់ក្រុមហ៊ុន ឡារីតា។

ក្រុមហ៊ុន RMA Cambodia ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុន Larryta  ដែលបានផ្តល់ទំនុកចិត្តមកលើ គុណភាពរថយន្ត FORD និងសេវាកម្មផ្សេងទៀតរបស់ក្រុមហ៊ុន RMA Cambodia។

លោក មឿន សម្បត្តិ នាយកគ្រប់គ្រងក្រុមហ៊ុន ឡារីតា បានលើកឡើងថា «ក្រុមហ៊ុន Larryta បានជ្រើសយក រថយន្ត Ford Transit ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជា តាំងពីក្រុមហ៊ុនយើងចាប់ដំណើរការ សេវាកម្មដឹកជញ្ជូនអ្នកដំណើរចាប់តាំងពីឆ្នាំ ២០១៣ មកម៉្លេះ ហើយយើងទទួលបានការពេញចិត្តយ៉ាងខ្លាំងពី សំណាក់អ្នកធ្វើដំណើរ ដែលជាអតិថិជនរបស់យើង»។

លោកថា អាជីវកម្មក្រុមហ៊ុន របស់យើង ក៏មានការកើនឡើងជាលំដាប់ ដែលតម្រូវឱ្យយើងពង្រីកអាជីវកម្មបន្ថែមទៀត ដោយបង្កើនចំនួនរថយន្ត លើគោលដៅដែលមានស្រាប់ ៖ ពីក្រុង ភ្នំពេញ ទៅកាន់ខេត្តសៀមរាប ព្រះសីហនុ និងពី សៀមរាបទៅកាន់ខេត្តព្រះសីហនុផងដែរ។ ដែលបច្ចុប្បន្ននេះ យើងមានម៉ោងធ្វើដំណើរចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២យប់ សំរាប់អតិថិជនជ្រើសរើសក្នុងការធ្វើដំណើរ ដោយពេលថ្ងៃយើងប្រើប្រាស់រថយន្តប្រភេទ Ford Transit និងពេលយប់យើងប្រើប្រាស់រថយន្តក្រុងប្រភេទ គ្រែគេង (Hotel Bus) ។

លោក មឿន សម្បត្តិ បានបង្ហើបឲ្យដឹងទៀតថា ហេតុដែលក្រុមហ៊ុន ឡារីតា ចាប់យករថយន្ត Ford Transit ធ្វើជា ដៃគូពាណិជ្ជកម្មរហូតដល់ មានរៀបចំឲ្យមានការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ដោយសារតែ រថយន្ត Ford Transit មានភាពមំា ធន់ សមស្របទៅនឹងស្ថានភាពផ្លូវរបស់ប្រទេសកម្ពុជា មានប្រព័ន្ធសុវត្ថិភាព ខ្ពស់ និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ជាងរថយន្តដទៃទៀតនេះ ដែលផ្តល់ជូននូវសុវត្ថិភាព ផាសុកភាព និង ឧត្តមភាពដល់អតិថិជន របស់ខ្លួនថែមទៀតផង៕