(ខាឌីហ្វ)៖ ប្រធានក្រុមជម្រើសជាតិវែលស៍ Aaron Ramsey បានធ្វើឱ្យមានភាពភ្ញាក់ផ្អើល ដែលមានឈ្មោះក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ Euro 2024 បើទោះបីជាមានបញ្ហារបួសនាពេលថ្មីៗនេះក្តី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

Ramsey វ័យ ៣៣ឆ្នាំ ត្រូវបានដាក់ចូលលេងត្រឹមតែ ២លើកប៉ុណ្ណោះ សម្រាប់ក្លិប Cardiff City សរុប ៧២នាទី ចាប់តាំងពីរបួសជង្គង់កាលពីខែកញ្ញា។

បញ្ហារបួសកំភួនជើងមានន័យថា លោកត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតជម្រុះផ្តាច់ព្រ័ត្រនេះ ប៉ុន្តែលោកបានជាសះស្បើយវិញលឿនជាងការរំពឹងទុក។

អ្នកចាត់ការវែលស៍ លោក Rob Page បានចុចឈ្មោះកីឡាករ ២៨នាក់ សម្រាប់ការប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់វែលស៍ ជាមួយក្រុមហ្វាំងឡង់ និងសម្រាប់ការប្រកួតជម្រុះផ្តាច់ព្រ័ត្រ។

វែលស៍ ត្រូវប៉ះហ្វាំងឡង់ នៅកីឡដ្ឋាន Cardiff City នៅថ្ងៃទី២១ ខែមីនាខាងមុខ ជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រ អាចប៉ះនឹងប៉ូឡូញ ឬក៏អេស្តូនី ៥ថ្ងៃបន្ទាប់ នៅកីឡដ្ឋាន Cardiff ដដែល សម្រាប់ដណ្តើមយកកៅអី ឈានទៅកាន់ព្រឹត្តិការណ៍ European Championship ក្នុងរដូវក្តៅនេះ៕