(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ឆ្នាំ២០២៤ កាលពីម្សិលមិញបានបញ្ចប់ដោយជោគជ័យ ដោយរកបានកីឡាករឆ្នើមចំនួន ៦រូបទៅតាមគោលការណ៍សហព័ន្ធ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ។

ការប្រកួតនេះ បានធ្វើឡើង ១ថ្ងៃពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយមានកីឡាករឆ្នើមៗ ពិសេសម្ចាស់មេដាយស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ១០រូប និងកីឡាករជើងខ្លាំងប្រចាំក្លិបសមាជិកចំនួន ២រូប ដើម្បីប្រកួតដណ្ដើមកៅអីជម្រើសជាតិ ឆ្នាំ២០២៤។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កីឡាករ ៦រូប ដែលត្រូវជាប់ឈ្មោះប្រមូលផ្ដុំជាក្រុមកីឡាអុកចត្រង្គជម្រើសជាតិកម្ពុជា ឆ្នាំ២០២៤ គឺមានលេខ១ បានទៅកីឡាករ សុខ លីមហេង ម្ចាស់មេដាយមាសស៊ីហ្គេម, លេខ២ កីឡាករ ហេង សៅឌី អតីតស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧, ហើយលេខ៣ បានទៅកីឡាករ ឆយ វីរ៉ា, លេខ៤ កីឡាករ សំ កក្កដា, លេខ៥ កីឡាករ ជា ស៊ីដេត និងលេខ៦ កីឡាករ ម៉េង សេរីសម្បត្តិ ដែលជាម្ចាស់មេដាយប្រាក់ស៊ីហ្គេមដូចគ្នា៕