(បរទេស)៖ ដូចដែរប្រិយមិត្តបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ OpenAI បានបង្ហាញបានបង្ហាញសមិទ្ធផលថ្មីមួយដែលមានឈ្មោះថា Sora ដែលជា AI ថ្មីរបស់ខ្លួន វាមានសមត្ថភាពអាចបង្កើតវីដេអូបាន ដោយគ្រាន់តែបញ្ចូលអត្ថបទ និងសាច់រឿងដែលយើងចង់បង្កើតបណ្ណោះ។ ខណៈបច្ចេកវិទ្យា AI ថ្មីនេះ ត្រូវបានគេរាយការណ៍មកថា OpenAI ជិតបញ្ចប់ការផលិតនោះហើយ ដោយពេលនេះកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងពីអ្នកជំនាញ និងវាយតម្លៃគំរូសម្រាប់ហានិភ័យណាមួយដែលអាចកើតមាន ហើយអាចនឹងរួចរាល់បញ្ចេញជាសាធារណៈនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

តាមរយៈបទសម្ភាសន៍មួយដោយប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI គឺលោកស្រី Mira Murati បានបង្ហើបឱ្យដឹងថា «វានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ- Sora នឹងត្រូវបានចេញផ្សាយនៅចុងឆ្នាំនេះ។ តាមពិតទៅដំណើរការផលិត Sora វាជិតរួចរាល់ហើយ បើតាមការរំពឹងទុកអាច «ក្នុងរយៈពេលពីរទៅខែទៀតប៉ុណ្ណោះ» ពោលគឺវាអាចនឹងចេញមកលឿនជាងការរំពឹងទុក ត្រឹមពាក់កណ្តាលឆ្នាំនេះក៏ថាបាន»។

ជាការពិតណាស់ OpenAI បានបញ្ជាក់ថា Sora ជំនាន់ដំបូងនេះវាមានសមត្ថភាពអាចបង្កើតវីដេអូបាន តាមរយៈការ Generate ពី អត្ថបទ ទៅជាវីដេអូ ដោយកំណត់រយៈពេលយូរបំផុតត្រឹម ១នាទី។ ជាងនេះទៅទៀតវាមានសមត្ថភាពអាចបង្កើតឈុតឆាកស្មុគ្រស្មាញ ជាមួយនឹងតួអង្គជាច្រើននាក់ រូមទាំងអាចធ្វើឱ្យវីដេអូមានចលនា និងផ្តល់ជូននូវគុណភាពវីដេអូច្បាស់ល្អថែមទៀតផង។

គួរជម្រាបដែរថា ក្រុមហ៊ុន OpenAI បានធ្វើការឆ្លើយតបទៅនឹងការព្រួយបារម្មណ៍អំពីការប្រើប្រាស់ AI ដោយតែងតែមានការលើកឡើងជុំវិញកង្វល់អសន្តិសុខជាតិ ក្រុមហ៊ុនក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែកុម្ភៈដែលថា រាល់គ្រប់វីដេអូដែលបង្កើតឡើងដោយ Sora យើងនឹងមានភ្ជាប់មកជាមួយនឹងនូវ watermark ដើម្បីសម្គាល់ថាជាវីដេអូបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។ មិនត្រឹមតែប៉ុណ្ណោះឥឡូវនេះយើងក៏កំពុងបង្រៀន AI ឱ្យយល់កាន់តែស៊ីជម្រៅនូវអត្ថបទដែលបានបញ្ចូល និងបង្កើតទៅជាវីដេអូ ដែលអ្នកប្រើប្រាស់ចង់បាននោះដែរ ដើម្បីធានាបានថា គ្រប់អ្វីដែលអ្នកប្រើប្រាស់ត្រូវការនឹងមានដោយផ្អែកលើគំរូម៉ាស៊ីន AI ដ៏ធំ (Dall-E) របស់ក្រុមហ៊ុនផ្ទាល់តែម្តង៕