(ភ្នំពេញ)៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានបង្ហាញការគាំទ្រចំពោះគម្រោងចង់ប្រើប្រាស់ជំនួយការអាជ្ញាកណ្ដាលល ឬ Video Assistant Referee (VAR) នៅកម្ពុជា តែមិនទាន់ដល់ពេលត្រូវប្រើនោះទេ ព្រោះជាការដើរហួសពីសមត្ថភាព ដ្បិតក្លិបបាល់ទាត់នៅកម្ពុជា កំពុងរស់រានទាំងត្រដាបត្រដួសនៅឡើយ។

ការលើកឡើងបែបនេះ បន្ទាប់ពីលោក ខៀវ សារម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហើបពីគម្រោងពិចារណាក្នុងការប្រើប្រាស់ VAR ក្នុងការប្រកួតនៅកម្ពុជា ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី លើកទី១៨ របស់សហព័ន្ធ កាលពីថ្ងៃពុធម្សិលមិញ ស្របពេលផ្ទុះការជជែកវែកញែករឿងអាជ្ញាកណ្ដាលកាន់តែខ្លាំង ក្រោយការដកខ្លួនរបស់ក្លិបវិសាខា។

អគ្គលេខាធិការក្លិប Tiffy Army ខាងលើ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ក្នុងវិស័យបាល់ទាត់លើពិភពលោក ប្រទេសណាក៏ដូចប្រទេសណាដែរ តែងបញ្ហាអាជ្ញាកណ្ដាល គឺជាបញ្ហាដ៏រសើបមួយ សូម្បីការប្រកួតក្របខណ្ឌ Premier League របស់អង់គ្លេសក៏មានបញ្ហាញឹកញាប់ដែរ។ នេះគឺជារឿងធម្មតា ព្រោះអាជ្ញាកណ្ដាល គឺជាមនុស្ស ហើយមនុស្សតែងបង្កើតនូវកំហុស។ ប៉ុន្ដែការទាមទារកន្លងមក គ្រាន់តែចង់ឲ្យមានការបកស្រាយ ដើម្បីទទួលស្គាល់កំហុស ហើយធ្វើការកែប្រែប៉ុណ្ណោះ។

លោកថា «អ្វីដែលខ្ញុំឃើញការទាមទារកន្លងមក មិនមែនការទាមទាររកខុសត្រូវជាមួយអាជ្ញាកណ្ដាលទេេ គ្រាន់តែទាមទារឲ្យមានការបកស្រាយ អំពីគណៈកម្មការអាជ្ញាកណ្ដាល បើខុសហ្នឹងទទួលខុសអត់? ឲ្យមានការទទួលខុសត្រូវ ហើយដោះស្រាយបញ្ហា ព្រោះពេលខ្លះ យើងឃើញកំហុសខ្លះ វាកើតឡើងមើលទៅអាក្រក់ពេក។ អ៊ីចឹងហើយយើងចង់ឲ្យអាជ្ញាកណ្ដាលគាត់ទទួលខុស ដើម្បីកែសម្រួលដែរ មិនមែនខុសហើយនៅស្ងៀមទេ។ នេះគឺជាអ្វីដែលក្លិបនីមួយៗចង់បាន ក៏ដូចជាបញ្ហាដែលកើតជាមួយវិសាខាថ្ងៃមុន»

ពាក់ព័ន្ធទឡ្ហីករណ៍នេះ ដែលរុញឲ្យមានការពិចារណាចង់ប្រើប្រាស់ VAR ដូចមន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានលើកឡើង លោកក៏គាំទ្រ ព្រោះវាល្អ និងកាត់បន្ថយនូវការតវ៉ា ឬទាមទារផ្សេងៗ។ ប៉ុន្ដែត្រូវមានការថ្លឹងថ្លែងមួយដ៏ច្បាស់លាស់ រវាងការអភិវឌ្ឍបាល់ទាត់នៅកម្ពុជាបច្ចុប្បន្ន និងការចំណាយទៅលើ VAR ដ្បិតបណ្ដាប្រទេសក្នុងតំបន់ ដែលវិស័យបាល់ទាត់ប្រទេសខ្លះជឿនលឿនជាងកម្ពុជាផង ក៏គេមិនទាន់មានលទ្ធភាពក្នុងការប្រើប្រាស់ដែរ។ ដូច្នេះលោកគេវា មិនទាន់ដល់ពេលកម្ពុជា ចាំបាច់ត្រូវប្រើ VAR នោះទេ។

លោក ខូវ ឆាយ បន្ដថា «បើយើងអត់ទាន់មានលទ្ធភាព យើងគួរតែទុកថវិកាហ្នឹង ដើម្បីអភិវឌ្ឍន៍ក្លិប ព្រោះយើងឃើញហើយក្លិបសព្វថ្ងៃ កំពុងតែលំបាក ហើយក្លិបមួយចំនួន រកតែដកខ្លួនទៅវិញ ដួលរលំជាបន្ដបន្ទាប់ ហើយយើងមកចំណាយលុយអភិវឌ្ឍន៍ទៅលើ VAR ខ្ញុំគិតថា ដូចជាដើរហួសពីសមត្ថភាព។ គំនិតរបស់ខ្ញុំ យើងគាំទ្របើសិនមាន VAR វាល្អ វាថយទាមទារ ក៏ប៉ុន្ដែយើងគិតថា ពេលវេលានេះ មិនទាន់ស័ក្ដិសមសម្រាប់យើងក្នុងការវិនិយោគលើ VAR តែបើមានគេជួយយកមក បើមានប្រទេសណាចេញលុយភ្ជាប់ប្រព័ន្ធ VAR ឲ្យយើងប្រើ តែបើចេញលុយខ្លួនឯង ខ្ញុំគិតថា យកលុយហ្នឹងមកអភិវឌ្ឍន៍យុវជន និងក្លិបល្អជាង»

ជុំវិញការបំពាក់ ក៏ដូចជាប្រើប្រាស់ប្រព័ន្ធ VAR នេះដែរ អគ្គលេខាធិការក្លិបកំពុងឈរលេខ៦ នៃលីគកំពូលកម្ពុជានេះ មិនបានបញ្ជាក់ច្បាស់អំពីខ្ទង់ចំណាយនោះទេ គ្រាន់តែលោកអាចប៉ាន់ស្មានត្រូវចំណាយច្រើន ទើបបណ្ដាអភិវឌ្ឍន៍មួយចំនួន មិនទាន់ហ៊ានប្រើ ព្រោះត្រូវចំណាយច្រើនលើសម្ភារៈ (កាមេរ៉ា) និងធនធានមនុស្ស។ ដូច្នេះលោកគិតថា កម្ពុជាមិនគួរវិនិយោគលើជំនួយការអាជ្ញាកណ្ដាលល ឬ Video Assistant Referee នេះឡើយ។

«ខ្ញុំជឿថា លទ្ធភាពយើងសព្វថ្ងៃមិនទាន់បានទេ យើងមើលទៅប្រទេសជិតខាងសិន តើគេប្រើនៅ? ការចំណាយរបៀបម៉េច? ជារួមលុះត្រាតែក្រុមបាល់ទាត់យើងកើនកាន់តែច្រើន ការវិនិយោគរកឃើញប្រាក់ចំណេញ លទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍក្លិបចាំយើងធ្វើទំនើបកម្ម ព្រោះឥឡូវនេះ យើងកំពុងនៅរស់រានទាំងត្រដាបត្រដួសនៅឡើយ។ អ៊ីចឹងការធ្វើនើបកម្មនេះ គឺជាអាទិភាពក្រោយទេ អាទិភាពដំបូង គឺធ្វើម៉េចអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្លិប និងអភិវឌ្ឍន៍ឲ្យក្លិបអាចរស់រាន ទ្រទ្រង់ដោយខ្លួនឯងបានសិន»។ លោក ខូវ ឆាយ បន្ថែម។

គួរដឹងថា នៅក្នុងមហាសន្និបាតប្រចាំរបស់ FFC កាលពីម្សិលមិញ លោក ខៀវ សាម៉េត បានបង្ហើបថា សហព័ន្ធនឹងពិចារណា ដើម្បីអាចឈានទៅប្រើ VAR បន្ទាប់ពីមានបញ្ហារឿងអាជ្ញាកណ្ដាល និងផ្ទុះការវែកញែកលើបណ្ដាញសង្គម។ លោកទទួលស្គាល់ការប្រើ VAR អាចនឹងត្រូវចំណាយខ្ពស់បំផុត តែសហព័ន្ធនឹងយកចំណាត់ការនេះមកដោះស្រាយ ដើម្បីបាល់ទាត់កម្ពុជា។ យ៉ាងណាក្ដីលោកថា ទោះបីប្រើ VAR ក៏មិនអាចបញ្ចប់រឿងដែរ ព្រោះបាល់ទាត់លើពិភពលោក សូម្បីនៅ Premier League ក៏តែងមានបញ្ហាចម្រូងចម្រាសរឿងអាជ្ញាកណ្ដាលរៀងរាល់សប្ដាហ៍ដែរ៕