(បរទេស)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នៅថ្ងៃពុធសប្តាហ៍នេះ បានទៅមើលរោងចក្រ Tesla ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង បន្ទាប់ពីរោងចក្រនេះផ្អាកដំណើរការកាលពី សប្តាហ៍មុន ព្រោះមានភ្លើងឆេះ និងសង្ស័យត្រូវគេលួចដុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

តាមរូបភាពបង្ហាញថា Elon Musk គ្រវីដៃស្វាគមន៍ដល់កម្មករនៅពេលលោកមកដល់រោងចក្រក្នុងរដ្ឋ Brandenburg នៃប្រទេសអាល្លឺម៉ង់ ហើយនិយាយទៅកាន់ពួកគេ ពីលើវេទិកាដែលប្រមូលផ្តុំដោយបុគ្គលិកជាច្រើននាក់ចូលរួម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថា Musk បានប្រាប់ហ្វូងមនុស្សថា «ខ្ញុំស្រឡាញ់អ្នក» ជាភាសាអាល្លឺម៉ង ព្រមទាំងមានការអត្ថាធិប្បាយផ្សេងៗទៀត ពីដំណើរការរោងចក្រ ព្រមទាំងបញ្ហាដែលបានកើតឡើង។ ត្បិតលោក ត្រូវបានគេរំពឹងថានឹ ងជួបជាមួយអ្នកនយោបាយក្នុងតំបន់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ពេលនេះ។

កាលពីសប្តាហ៍មុន រោងចក្រ Gigafactory របស់ Tesla នៅអាល្លឺម៉ងនេះ ត្រូវបានទុកចោលដោយគ្មានថាមពល ហើយត្រូវបញ្ឈប់ការផលិតជាបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីមានការសង្ស័យថាមានការវាយប្រហារ តាមរយៈការដុតភ្លើង បណ្តាលឲ្យឆាបឆេះក្បែររោងចក្រ។ Tesla បាននិយាយថា ឧបទ្ទវហេតុនេះគឺសំដៅទៅលើក្រុមហ៊ុនរបស់ខ្លួនតែម្តង។

គួរជម្រាបថា ហេតុការណ៍នេះ កើតឡើងចំពេលដែលក្រុមហ៊ុន Tesla មានផែនការពង្រីក រោងចក្ររបស់ខ្លួននៅតំបន់ Gruenheide ។ តែយ៉ាងណា គម្រោងនេះត្រូវបានប្រជាជនរស់នៅទីនោះ ចេញមុខប្រឆាំងយ៉ាងខ្លាំងក្លា ដោយមិនអនុញ្ញាតឲ្យពង្រីកការសាងសង់ឡើយ ដោយបារម្ភពីការកាប់បំផ្លាញ់ព្រៃឈើបន្ថែម ដើម្បីយកដីសាងសង់រោងចក្រ៕