(ប្រ៊ុចសែល)៖ កិច្ចសន្យារបស់គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក លោក Domenico Tedesco ត្រូវបានបន្តរយៈពេល២ឆ្នាំបន្ថែមទៀត ដើម្បីដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។ នេះបើតាមមន្ត្រីបានឱ្យដឹង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

លោក Tedesco បានស្នងតំណែងពីលោក Roberto Martinez បន្ទាប់ពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ហើយក្រុមបែលហ្សិក មិនធ្លាប់ចាញ់នោះទេ ក្នុង ១០ប្រកួតដែលលោកបានដឹកនាំ គិតមកទល់ពេលនេះ។

លោក Tedesco បានដឹកនាំក្រុមបែលហ្សិក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ ខណៈពួកគេឈរនៅលើកំពូលតារាងក្រុមរបស់ពួកគេ ដោយមាន២០ពិន្ទុ ក្នុងចំណោម២៤ពិន្ទុ។

យ៉ាងណាមិញ ក្រុមរបស់លោក នឹងមិនមានវត្តមានកីឡាករឆ្នើម Kevin De Bruyne សម្រាប់ការប្រកួតមិត្តភាព ជាមួយនឹងអៀរឡង់ និងអង់គ្លេស នៅក្នុងខែនេះនោះទេ។

ខ្សែបម្រើសញ្ជាតិបែលហ្សិក De Bruyne ដែលលេងឱ្យក្លិប ​Manchester City នោះ បានចាកចេញពីក្រុម ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដោយជាការប្រុងប្រយ័ត្ន បន្ទាប់ពីមានបញ្ហាក្រលៀនកម្រិតស្រាល៕