(ប៉ារីស)៖ ខ្សែការពារក្លិប Liverpool កីឡាករ Ibrahima Konate ត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិបារាំងវិញ ដើម្បីប្រកួតមិត្តភាពនាខែនេះ ទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងឈីលី បើទោះបីជាមានបញ្ហារបួសក្តី។

ជាមួយគ្នានោះកីឡាករ Axel Disasi របស់ក្លិប Chelsea មិនមានឈ្មោះក្នុងបញ្ជីក្រុមកីឡាករទាំង ២៣នាក់ ដែលបានប្រកាសនៅថ្ងៃព្រហស្បតិ៍នោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

Konate បានរងរបួសសាច់ដុំ កាលពីដើមខែនេះ ហើយមិនបានបង្ហាញខ្លួនសម្រាប់ក្លិបរបស់លោក ដែលលេងនៅលីគ Premier League នោះទេ ចាប់តាំងពីថ្ងៃទី០៧ ខែមីនាមក។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានដកចេញពីក្រុមបារាំង សម្រាប់ការប្រកួតជម្រុះ Euro 2024 កាលពីខែវិច្ឆិកាកន្លងទៅទល់នឹងក្រុមហ្គីប្រាលតា និងក្រិក ដោយសារបញ្ហារបួស ជាមួយនឹងកីឡាករ Disasi បានជំនួសរូបលោក នៅក្នុងក្រុម។

ជាមួយគ្នានោះ ខ្សែបម្រើក្លិប Juventus កីឡាករ Adrien Rabiot ក៏ត្រូវបានកោះហៅ ដោយអ្នកចាត់ការ Didier Deschamps ផងដែរ បើទោះបីជាមានបញ្ហារបួសបាតជើងកាលពីខែមុនក៏ដោយ។

ដោយឡែក ខ្សែបម្រើស្លាប និងបម្រើប្រយុទ្ធ Moussa Diaby ដែលបានបង្ហាញខ្លួន ២៨លើកក្នុងលីគ Premier League សម្រាប់ក្លិប Aston Villa ក្នុងរដូវកាលនេះនោះ បានទទួលការកោះហៅជាលើកដំបូងរបស់លោក លេងឱ្យមានគកបារាំង គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៣។

​សូមជម្រាបថា បារាំង នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវអាល្លឺម៉ង់ នៅទីក្រុង Lyon នាថ្ងៃទី២៣ ខែមីនា មុនពេលប៉ះក្រុមឈីលី នៅទីក្រុង Marseille ៣ថ្ងៃបន្ទាប់៕