(ឡុងដ៍)៖ ខ្សែការពារ Ben White បានចុះកិច្ចសន្យាថ្មីរយៈពេលវែង ជាមួយក្លិប Arsenal ដែលធ្វើឱ្យអ្នកចាត់ការ Mikel Arteta មានភាពរីករាយជាខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ចាប់តាំងពីចូលរួមជាមួយកាំភ្លើងធំ ដោយផ្ទេរមកពីក្លិប Brighton កាលពីខែកក្កដា ឆ្នាំ២០២១ មក White បានធ្វើឱ្យខ្លួនរបស់លោក ក្លាយជាកីឡាករល្អប្រចាំក្រុម ដែលដឹកនាំដោយលោក Arteta ហើយបានផ្លាស់ប្តូរពីខ្សែការពារកណ្តាល មកជាខ្សែការពារស្តាំវិញ។

លោក Arteta បានបង្ហាញក្តីរីករាយ ដែលកីឡាករអន្តរជាតិអង់គ្លេស វ័យ ២៦រូបនេះ បន្តលេងនៅកីឡដ្ឋាន Emirates ដោយបានលើកឡើងថា «វាជាព័ត៌មានដ៏អស្ចារ្យដែល Ben បន្តអនាគតរបស់គាត់ជាមួយក្លិប»។ លោកបន្ថែមថា «គាត់ជាកីឡាករសំខាន់ម្នាក់ សម្រាប់ពួកយើង។ ជាកីឡាករអាជីពជាន់ខ្ពស់ម្នាក់»

​សូមជម្រាបថា ក្លិបកាំភ្លើងធំនឹងចាប់ផ្តើមប្រកួតវិញ បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Manchester City នៅថ្ងៃទី៣១ ខែមីនាខាងមុខ៕