(ភ្នំពេញ)៖ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា រំពឹងការចូលរួមប្រកួតកីឡាប៊ីយ៉ាលំដាប់ពិភពលោក លើវិញ្ញាសាភូល (Pool) នៃព្រឹត្តិការណ៍ World Heyball Master Grand Final ឆ្នាំ២០២៤ នៅប្រទេសចិន នឹងទទួលបានលទ្ធផលល្អប្រសើរជាងមុន បន្ទាប់ពីកីឡាករម្ពុជា ឆ្លងកាត់បទពិសោធន៍ប្រកួតអន្ដរជាតិជាច្រើនកន្លងមក។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានដឹកនាំកីឡាករប៊ីយ៉ាកម្ពុជា ២រូប គឺមានម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ម៉ែន សុផានិត និងកីឡាករ ដួង ប៊ុនធឿន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Heyball Master Grand Final ឆ្នាំ២០២៤ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនានេះ ខណៈការប្រកួតផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

លោក ម៉ារ៉ា សុជាតិ បានឲ្យដឹងថា នេះជាលើកទី២ ហើយដែលប្រតិភូកីឡាប៊ីយ៉ាកម្ពុជា បានចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកខាងលើ។ ប៉ុន្ដែកាលពីលើកទី១ ដោយសារបទពិសោធន៍នៅតិចតួច បានធ្វើឲ្យកីឡាករកម្ពុជាទទួលលទ្ធផលមិនសូវល្អប្រសើរនោះទេ តែលើកនេះ លោកជឿជាក់លើកីឡាករកម្ពុជា នឹងធ្វើបានល្អ ហើយធ្វើឲ្យការចូលរួមរបស់ក្រុមកីឡាករកម្ពុជាឆ្នាំនេះ ក្លាយជាការចូលរួមដ៏អស្ចារ្យផងដែរ។

លោកបន្ដថា «សម្រាប់ការចូលរួមលើកនេះ ខ្ញុំមានក្ដីរំពឹងលើកីឡាកររបស់យើង បន្ទាប់ពីពួកគាត់ បានឆ្លងកាត់បទពិសោធន៍ជាច្រើនលើវិញ្ញាសាភូល តាមរយៈការប្រកួតអន្ដរជាតិនានា ពិសេសឆ្លងកាត់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតញឹកញាប់នៅចិន។ ខ្ញុំជឿថា ទោះបីគ្នាយើងតិច តែខ្លាំង ហើយពួកយើងនឹងព្យាយាមធ្វើបានល្អបំផុត និងឈានដល់កម្រិតមួយ ដើម្បីបង្ហាញនូវភាពខ្លាំង និងការរីកចម្រើននៃវិស័យកីឡាប៊ីយ៉ាកម្ពុជា»

ព្រឹត្តិការណ៍ World Heyball Master Grand Final គឺជាការប្រកួតដ៏ធំមួយប្រចាំប្រទេសចិន ដែលមានអត្តពលិកប្រមាណ ៤០០នាក់ មកពីជាង ៥០ប្រទេសលើពិភពលោកចូលរួម ក្នុងនោះមានប្រតិភូ និងកីឡាករប៊ីយ៉ាកម្ពុជា ៣រូបប៉ុណ្ណោះ។ លោក ម៉ារ៉ា សុជាតិ ថា ការបញ្ជូនគ្នាតិចចូលរួមនេះ សបញ្ជាក់ឲ្យឃើញពីកង្វះខាតធនធានកីឡាករផង ក៏ដូចជាកង្វះខាតថវិកាផង ដ្បិតបេសកកម្មលើឆាកអន្ដរជាតិនេះ ស្ថិតក្រោមការចំណាយទាំងស្រុងរបស់សហព័ន្ធ។

គួរដឹងថា បេសកកម្មលើកនេះ ក្រៅពីចូលរួមប្រកួតព្រឹត្តិការណ៍ ដែលមានប្រាក់រង្វាន់ខ្ទង់ ៥សែនដុល្លារ អគ្គលេខាធិការសហព័ន្ធខាងលើ ក៏ត្រូវបានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការនូវសារមន្ទីរកីឡាប៊ីយ៉ាដ៏ធំ នៅប្រទេសចិន ដើម្បីបង្ហាញពីសក្ដានុពលកីឡាប៊ីយ៉ាលើពិភពលោកផងដែរ។ លោកបានចាត់ទុកការអញ្ជើញនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា និងពិភពលោក ក៏ដូចជាបង្ហាញទង់ជាតិកម្ពុជាលើឆាកអន្ដរជាតិផងដែរ៕