(មេនឆេស្ទើ)៖ ខ្សែបម្រើ Kevin de Bruyne ត្រូវបានដកឈ្មោះចេញបណ្តោះអាសន្នពីបញ្ជីក្លិបមេឃខៀវ Manchester City និងក្រុមជម្រើសជាតិប៊ែលហ្សិកផងដែរ បន្ទាប់ពីជួបបញ្ហារបួសក្រលៀនកាលពីចុងសប្តាហ៍កន្លងទៅ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករវ័យ ៣២ឆ្នាំខាងលើនេះ ត្រូវបានប្តូរចេញនៅនាទី៦៩ ក្នុងជំនួបដែល Man City បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងលីគ Premier League ទល់នឹងហង្សក្រហម Liverpool កាលពីរាត្រីថ្ងៃអាទិត្យ។

ត្រង់បញ្ហារបួសនេះដែរ De Bruyne នឹងខកខានប្រកួតពេលក្រុមការពារតំណែងជើងឯក Man City ប៉ះសារិកាព្រៃ Newcastle United វគ្គ ៨ក្រុមចុងក្រោយពាន FA Cup នៅរាត្រីសៅរ៍ស្អែកនេះ និងជំនួបជាមួយជម្រើសជាតិបិសាចក្រហមប៊ែលហ្សិក ពេលប៉ះសាធារណរដ្ឋអៀរឡង់នាថ្ងៃទី២៣ ខែមីនា និងជម្រើសជាតិតោកំណាចអង់គ្លេស នៅកីឡដ្ឋាន Wembley ៣ថ្ងៃបន្ទាប់នៃជំនួបមិត្តភាពអន្តរជាតិដូចគ្នា។

លោក Domenico Tedesco អ្នកចាត់ការទូទៅក្រុមប៊ែលហ្សិកបានគូសបញ្ជាក់ថា «De Bruyne បានញាំញីទៅដោយ បញ្ហារបួសជាខ្លាំងក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។ ពួកយើងមិនអាចទទួលយកហានិភ័យបានទេ ហើយពិតណាស់ក៏គ្មានវត្តមាន De Bruyne ដែរ»

នៅចាំបានថា Kevin de Bruyne បានអវត្តមានពីទីលាន ៥ខែដំបូង មុនពេលចាប់ផ្តើមរដូវកាលនេះ ដោយសារតែបញ្ហារបួសរសៃពួរ និងទើបបានចូលលេងវិញផងដែរ គិតចាប់តាំងពីខែមករា ឆ្នាំ២០២៤ មក៕