(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនទូរគមនាគមន៍ពហុជាតិរបស់អាមេរិក Motorola បានបង្ហាញស្មាតហ្វូនជំនាន់ថ្មីចំនួន២ ម៉ូដែលគឺ Moto G (2024) និង Moto G Power (2024) ហើយឥឡូវនេះទទួលបានដំណឹងថ្មីបន្ថែមមកថានៅថ្ងៃទី០៣ ខែមេសាខាងមុខនេះ ក្រុមហ៊ុនបានកំណត់ថ្ងៃដើម្បីបញ្ចេញស្មាតហ្វូនថ្មីមួយម៉ូដែលបន្ថែមទៀត ដែលបំពាក់ដោយមុខងារ AI ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ស្មាតហ្វូនថ្មី ដែលនឹងមកដល់នាពេលខាងមុខត្រូវបានគេសន្មត់ថាជាម៉ូដែល Moto Edge 50 Pro ដែលត្រូវបានគេរំពឹងថាជាស្មាតហ្វូនលំដាប់ខ្ពស់ ដែលបំពាក់នូវប្រព័ន្ធដំណើរការ Snapdragon 8 Gen 3 ដ៏ទំនើប អេក្រង់កោងទំហំ ៦.៧អ៊ីង RAM ១២ជីហ្គាបៃ និង Storage ២៥៦ជីហ្គាបៃ ។ លើសពីនេះទៅទៀតវានឹងបំពាក់ដោយទំហំថ្មធំ ៤,៥០០ មីលីអំពែម៉ោង និងគាំទ្រការសាកថ្មលឿន ១២៥វ៉ាត់ ជាមួយនិងការដំឡើងកាមេរ៉ារួមទាំងសេនស័រ ៥០មេហ្គាភិចស៊ែ ចំនួនពីរ និងកាមេរ៉ាក្រោយ ១២មេហ្គាភិចស៊ែ។

យ៉ាងណាមិញបើយោងតាមអ៊ីមែលពីសាខាឥណ្ឌារបស់ Motorola បានបង្ហើបឱ្យដឹងថា ស្មាតហ្វូនជំនាន់ចុងក្រោយនេះ នឹងផលិតឡើងជាពិសេសដោយមាន «ការរួមបញ្ចូលគ្នាជាមួយគំនិតសិល្បៈ និង បញ្ញាសិប្បនិម្មិត្ត AI)។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីផ្នែកនេះ Motorola ផ្ទាល់នៅមិនទាន់មានការបញ្ជាក់ឱ្យដឹងនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំមើលថ្ងៃប្រកាសចេញជាផ្លូវការតែម្តង។

គួរជម្រាបដែរថា ព្រឹត្តិការណ៍ដាក់បង្ហាញនេះ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ហើយវាត្រូវបានគេរំពឹងថាជាការចេញផ្សាយដ៏សំខាន់សម្រាប់ Motorola បន្ទាប់ពីការបង្ហាញនាពេលថ្មីៗនេះនៃម៉ូដែល Moto G (2024) និង Moto G Power 5G (2024)របស់ខ្លួន៕