(បរទេស)៖ វ៉ែនតា Vision Pro របស់ក្រុមហ៊ុន Apple ដែលមានតម្លៃខ្ទង់ ៣,៥០០ដុល្លារ ត្រូវបានប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រជាលើកដំបូងនៅចក្រភពអង់គ្លេស ពោលគឺត្រូវប្រើក្នុងបន្ទប់វះកាត់ ក្រោមហេតុផលដ៏សំខាន់មួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tech Finitive។

តាមការចេញផ្សាយបានឲ្យដឹងថា វ៉ែនតាទំនើបនេះ ត្រូវបានប្រើប្រាស់ក្នុងបន្ទប់វះកាត់ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា គ្រូពេទ្យផ្នែកវះកាត់ប្រើវា ដើម្បីជួយដល់ការវះកាត់នោះទេ ប៉ុន្តែគឺវាត្រូវបានប្រើដោយគិលានុបដ្ឋាយិកា ដើម្បីជួយតាមដានឧបករណ៍វះកាត់ និងជ្រើសរើសឧបករណ៍វះកាត់បានត្រឹមត្រូវ តាមក្បួនខ្នាតពេទ្យ។ របាយការណ៍របស់ចក្រភពអង់គ្លេស បានធ្វើការពិពណ៌នាអំពីរបៀបដែល Vision Pro ត្រូវបានប្រើក្នុងការវះកាត់ ដោយកុំព្យូទ័រ ហើយគេបានដាក់ឈ្មោះថាជា «Game Changer»។

ក្រុមហ៊ុនសូហ្វវែរ eXeX បាននិយាយថា មន្ទីរពេទ្យ Cromwell គឺជាមន្ទីរពេទ្យដំបូងគេនៅអឺរ៉ុបដែលប្រើ Apple Vision Pro អំឡុងពេលវះកាត់។ វ៉ែនតានេះ ត្រូវបានគេនិយាយថាអាច «លុបបំបាត់កំហុសរបស់មនុស្ស» ដោយធានាថាដំណើរការ និងឧបករណ៍ត្រឹមត្រូវ ត្រូវបានប្រើប្រាស់ពេញមួយប្រតិបត្តិការវះកាត់របស់គ្រូពេទ្យ។

គួរជម្រាបថា Apple បានចេញលក់ Vision Pro កាលពីខែមុនក្នុងតម្លៃខ្ទង់ ៣,៥០០ដុល្លារ។ នេះមិនមែនជាលើកដំបូងទេ ដែលវ៉ែនតា Vision Pro មួយនេះ ត្រូវបានប្រើក្នុងបន្ទប់វះកាត់ ត្បិតវា ត្រូវបានប្រើប្រាស់ជាលើកដំបូង កាលពីខែមុន ដោយគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទ សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Robert Masson ក្នុងប្រតិបត្តិការមួយ៕