(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រោមអធិបតីភាពរបស់ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក គណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ និងនិស្សិតជ័យលាភី ប្រមាណជិត ១៤៥នាក់ ផងដែរ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

នាឱកាសនោះដែរ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ និងមានប្រសាសន៍ថា ភាពជោគជ័យរបស់និស្សិតជ័យលាភីក្នុងថ្ងៃនេះ គឺពិតជាបានមកពីការខិតខំ ប្រឹងប្រែង និងលះបង់ រួមជាមួយការតាំងចិត្តយ៉ាងមុតមាំ ដើម្បីទទួលបានលទ្ធផល ឮជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្នុងរយៈពេល ២៣ឆ្នាំ មកនេះ វិទ្យាស្ថានខេមអេដ បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់និស្សិតនិងសាធារណៈជនទូទៅ ដែលសិក្សានៅវិទ្យាស្ថានខេមអេដ ដោយយក គុណភាពជាចម្បង ជាពិសេសទៅលើគុណភាព គ្រូបង្រៀននិងកម្មវិធីសិក្សា ដើម្បីអោយស្រប ទៅនឹងស្តង់ដារជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានបន្ដថា ភាពជោគជ័យរបស់និស្សិតជ័យលាភីទាំងអស់ក្នុងថ្ងៃនេះ ជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលមាន វិទ្យាស្ថានខេមអេដ បានរៀបចំអោយមានការបណ្តុះបណ្តាលនូវជំនាញមួយដែលមាន គុណវុឌ្ឍិខ្ពស់ ដែលផលិតបាននូវធនធានមនុស្សជាច្រើន សម្រាប់បំរើជូនសេដ្ឋកិច្ចកម្ពុជាយើង។ និយ័តករគណនេយ្យ និងសវនកម្ម បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានខេមអេដ នៅក្នងក្របខ័ណ្ឌ នៃការផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវ: គណនេយ្យ និងសវនកម្មជូនដល់ ជនបរទេស។

ជនបរទេសទាំងអស់ ដែលមានបំណងសុំអាជ្ញាប័ណ្ណ ឬបន្តអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវ:គណនេយ្យ និងសវនកម្មនៅប្រទេសកម្ពុជា ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាល មុខវិជ្ជាពីររួមមាន៖ ច្បាប់ពាណិជ្ជកម្មកម្ពុជា និងច្បាប់ពន្ធដារកម្ពុជា ហើយមុខវិជ្ជាទាំងពីរនេះ មានការទទួលស្គាលពីស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។ វិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានដំបូងតែមួយគត់ដែលបានការទទួលស្គាល់ និងបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករគណនេយ្យ និងសវនកម្ម។

លោក ប៊ូ ថារិន ក៏បានបន្ថែមទៀតថា យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម ដែលឥឡូវនេះ នៅជាស្ថេរភាពហើយក៍រំពឺងថា នៅក្នុងខែមេសា និងខែឧសភាខាងមុខនេះ យុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យនេះនិងបានដាក់ចេញ សម្រាប់ការអនុវត្តរួមមានគោលដៅមួយសម្រាប់ គណនេយ្យករ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ រួមទាំងថ្នាក់ដឹកនាំ ដែលអាចបំពេញការងារ និងប្រកបអាជីពគណនេយ្យ និងសវនកម្មបាន តម្រូវឆ្លងកាត់ការបណ្តុះបណ្តាល ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ម្យ៉ាងវិញទៀត នៅក្នុងក្របខ័ណ្ឌអនុលោមភាព ប្រទេសកម្ពុជាប្រឈមទៅនិង កង្វះគណនេយ្យករដែលមានគុណភាព វិបត្តិនៃកង្វះធនធានមនុស្សជា ចំនុចសំខាន់មួយ ដែលនិយ័តករគណនេយ្យ និងសវនកម្មបានធ្វើការកត់សំគាល់។ ការចូលរួមរបស់គ្រឹះស្ថានសិក្សាជាការកត្តាសំខាន់មួយ ទាំងក្នុងនោះរួមមាន វិទ្យាស្ថានខេមអេដ ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំពី២០២០ យើងចាប់ផ្តើមពង្រឹង Political Science អនុលោមភាពកិតិយុត និងច្បាប់ ដើម្បីពិនិត្យថាក្រុមហ៊ុន បានគោរពច្បាប់ស្តីពី គណនេយ្យ និងសវនកម្មដែរ ឬទេ គឺថានិយ័តករនិង ធ្វើការដកស្រង់របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសទាំងអស់ ដើម្បីពិនិត្យមើល អនុលោមភាពចំពោះស្តង់ដារដែលបានកំណត់។ ហេតុដូច្នេះ ការចូលរួមរបស់គណនេយ្យករពិតជាមានសារ:សំខាន់ណាស់ ក្នុងការធ្វើអោយរបាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាសកាន់តែមានតម្លាភាព និងអាចទុកចិត្តបាន។

តាមរយៈលទ្ធផលនេះ លោក ប៊ូ ថារិន បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានខេមអេដ ក្នុងការចូលរួមខិតខំ ប្រឹងប្រែង ចំពោះលទ្ធផលដែលបង្ហាញត្រឹមខែធ្នូ ឆ្នាំ២០២៣ មានដូចជា៖

* កម្មវិធីច្បាប់ពន្ធដារកម្ពុជា និស្សិតបានទទួលជោគជ័យក្នុងការប្រលង ១៧០នាក់ ស្មើនិង ៤២.៨% ។
* កម្មវិធីច្បាប់ពាណិជ្ជកម្មកម្ពុជា និស្សិតបានទទួលជោគជ័យក្នុងការប្រលង ១៨៥នាក់ ស្មើនិង ៥១% ។
* កម្មវិធីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម និស្សិតបានទទួលជោគជ័យក្នុងការប្រលង ១៩៥នាក់ ស្មើនិង ៥២%៕