(ហ្សឺណេវ)៖ ក្រុមប្រឹក្សា FIFA បានអនុម័តជាឯកច្ឆ័ន្ទ លើរបាយការណ៍ប្រចាំឆ្នាំ២០២៣ និងបានបង្កើនការវិនិយោគ ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ រហូតដល់ ២.២៥ពាន់លានដុល្លារ។ នេះបើយោងតាមស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

FIFA បានបញ្ជាក់ថា ថវិកាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ គឺជិត ៧ដង ច្រើនជាងការវិនិយោគ ក្នុងកម្មវិធីអភិវឌ្ឍន៍មុនឆ្នាំ២០១៦។

របាយការណ៍ប្រចាំឆ្នាំ នឹងដាក់ស្នើទៅកាន់សមាជ FIFA លើកទី៧៤ នៅទីក្រុង Bangkok ប្រទេសថៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ការអនុម័តចុងក្រោយ។

នៅក្នុងសមាជនោះដែរ នឹងរៀបចំការបោះឆ្នោត សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2027 FIFA Women's World Cup ក្នុងទីក្រុង Bangkok បន្ទាប់ពី FIFA បានទទួលការចូលរួមដេញថ្លៃពីប្រទេសប្រេស៊ីល, ការដេញថ្លៃរួមគ្នាពីប្រទេសបែលហ្សិក, អាល្លឺម៉ង់ និងហូឡង់ ព្រមទាំងមានការចូលរួមដេញថ្លៃរួមគ្នាពីប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិកផងដែរ៕