(ហ្សូរិច)៖ ជំនួបធំ Real Madrid អតីតជើងឯក UEFA Champions League ១៤សម័យកាលច្រើនជាងគេ ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Manchester City ដែលជាជើងឯករដូវកាលមុន សម្រាប់វគ្គ ៨ក្រុមចុងក្រោយជាបន្តទៀតនារដូវកាលឆ្នាំ២០២៣-២០២៤។

នេះក៏ជារដូវកាលទី៣ ជាប់ៗគ្នាផងដែរ ដែលក្រុមខ្លាំងទាំងពីរបានពើបប្រទះគ្នាក្នុងវគ្គចាញ់-ធ្លាក់នៃពាន UCL គ្រាដែលជើងទី១ នារដូវកាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី០៩-១០ ខែមេសា មុនពេលជើងទី២ ប្រកួតនៅថ្ងៃទី១៦-១៧ នៃខែដដែល ឆ្នាំ២០២៤។

ជាមួយគ្នានោះ ប្រសិនបើ Man City អាចយកឈ្នះ Real ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងអាចប៉ះ Arsenal ប្រសិនបើកាំភ្លើងធំអាចទម្លាក់ក្រុមអាល្លឺម៉ង់ Bayern Munich នៅវគ្គ ៨ក្រុម គ្រាដែលជើងទី១ របស់ Arsenal នឹងធ្វើឡើងនៅកីឡដ្ឋាន Emirates នៃប្រទេសអង់គ្លេស នៅពេល ២ប្រកួតផ្សេងទៀត គឺជាការជួបគ្នារវាង Atletico Madrid ជួប Borussia Dortmund ហើយ Paris Saint Germain ប៉ះ FC Barcelona៕