(អាមស្ទឺដាម)៖ កីឡាករ Georginio Wijnaldum និង Memphis Depay បានវិលត្រឡប់ចូលក្រុមជម្រើសជាតិហូឡង់វិញ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ជាមួយនឹងក្រុមស្កុតឡេន និងអាល្លឺម៉ង់ក្នុងខែមីនានេះ។

ជាមួយគ្នានោះកីឡាករ Quinten Timber បានទទួលការកោះហៅជាលើកដំបូង ខណៈអ្នកចាត់ការ Ronald Koeman បានវាយតម្លៃលើជម្រើសរបស់លោក មុនព្រឹត្តិការណ៍ Euro 2024។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៤។

អតីតប្រធានក្រុមជម្រើសជាតិហូឡង់ Wijnaldum វ័យ ៣៣ឆ្នាំ បានផ្លាស់ទៅលេងនៅក្លិបអារ៉ាប៊ីសាអូឌីត Al Ettifaq ក្នុងរដូវកាលនេះ ហើយបានទទួលការកោះហៅជាលើកដំបូង ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League កាលពីខែមិថុនាឆ្នាំមុន។

ដោយឡែក កីឡាករ Depay វ័យ ៣០ឆ្នាំ បានរងរបួសក្នុងរយៈពេល ១២ខែចុងក្រោយនេះ ហើយមិនបានលេងឱ្យក្រុមជម្រើសជាតិនោះទេ ចាប់តាំងពីខែមីនា ឆ្នាំមុន។

សូមជម្រាបថា ហូឡង់នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមស្កុតឡេន នៅទីក្រុង Amsterdam នាថ្ងៃទី២៣ ខែមីនា មុនពេលធ្វើដំណើរទៅទីក្រុង Frankfurt ជួបក្រុមអាល្លឺម៉ង់ ៣ថ្ងៃបន្ទាប់៕