(បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ភាគហ៊ុនរបស់ក្រុមហ៊ុនដ៏ធំ Foxconn បានកើនឡើងខ្ពស់រហូតដល់ ៩.៥ភាគរយនៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាការកើនឡើងក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ លទ្ធផលត្រូវបានគេកត់សម្គាល់ថា បានកើនឡើងបន្ទាប់ពី Foxconn រាយការណ៍ពីប្រាក់ចំណូលត្រីមាសទី៤ នៃឆ្នាំ២០២៣របស់ខ្លួនដែលយកឈ្នះការរំពឹងទុក និងបន្តការព្យាករណ៍ពីទស្សនវិស័យកើនឡើងសម្រាប់ឆ្នាំនេះ ដោយសារតម្រូវកើនឡើងសម្រាប់ម៉ាស៊ីមេ AI ឬ AI servers។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

Foxconn ដែលមានឈ្មោះជាផ្លូវការមួយទៀតហៅថា Hon Hai Precision Industry Co Ltd កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីការកើនឡើងប្រមាណ ៣៣ភាគរយនៃប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដែលជាចំនួនដ៏ច្រើនបំផុត និងលើសពីការរំពឹងទុកសម្រាប់ត្រីមាសទី៤ កន្លងទៅនេះ។ ខណៈពេលនោះ Foxconn ក៏បានប្រកាសជាសាធារណៈផងដែរថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០២៤ នេះនឹងឡើងខ្លាំងបន្ថែមទៀត ពោលគឺត្រឹមតែរយៈពេលមួយថ្ងៃនៃការប្រកាសនោះ ភាគហ៊ុនរបស់ Foxconn ហក់ឡើងខ្ពស់ស្រឺតៗតែម្តង។

គួរជម្រាបដែរថា អ្នកវិភាគនៅ Daiwa Capital Markets បានសរសេរនៅក្នុងកំណត់ត្រាមួយបន្ទាប់ពីសន្និសីទសង្ខេបស្តីពីប្រាក់ចំណូលថា «យើងចាត់ទុក Hon Hai ជាអ្នកទទួលផលដ៏សំខាន់នៃផលិតផលម៉ាស៊ីនមេ AI ជំនាន់ក្រោយរបស់ Nvidia ជាមួយនឹងការកើនឡើងនៃការបញ្ជាទិញម៉ាស៊ីនមេ AI»។ អ្នកវិភាគទាំងនោះបានបន្តទៀតថា ប្រាក់ចំណេញនៅក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោក Foxconn អាចកើនឡើងចន្លោះពី ១៣ ទៅ ២៥ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹង «ភាពយឺតយ៉ាវ» កាលពីឆ្នាំមុន៕