(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្រេចកិច្ចសហការលើការផ្ដល់ហិរញ្ញប្បទានទៅដល់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីរួមគ្នាបង្កើតផលវិជ្ជមានចំពោះសុខុមាលភាពសហគមន៍ក្រីក្រនៅក្នុងប្រទេសកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទឹកប្រាក់ ១ លានដុល្លារអាមេរិក ធនាគារ វីង បង្ហាញការគាំទ្រចំពោះការអនុវត្តគម្រោង ទឹក ស្អាត និង អនា ម័យ ដែលជាការយកចិត្តទុកដាក់ជំរុញនូវការប្រើប្រាស់ទឹកស្អាត និងអនាម័យ ក៏ដូចជារួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការលើក កម្ពស់ សុខុ មាល ភាព ពលរដ្ឋនៅតាម សហ គមន៍។

តាមរយៈគម្រោងទឹកស្អាត និងអនាម័យ ហិរញ្ញប្បនទានពីធនាគារ វីង នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយទៅដល់សហគមន៍ ក្នុងការជួស ជុល ឬ សង់ បង្គន់, អាងស្តុកទឹក, ត បណ្ដាញ ទឹក ស្អាត, ជីក អណ្ដូង ទឹក, ទិញ ឧប ករណ៍ ចម្រោះ ទឹក, ស៊ី ទែន ទឹក, និង ម៉ាស៊ីន បូម ទឹកប្រើប្រាស់នៅក្នុងគេហដ្ឋានជាដើម ដែលជាការគាំទ្រពលរដ្ឋ ក៏ដូចក្រុមគ្រួសារទទួលបាននូវធនធាន ចាំបាច់ ដើម្បីទទួលបានការប្រើប្រាស់ទឹកស្អាត និងអនាម័យ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងថា៖ «យើងមានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងនាំមកនូវផលប្រយោជន៍ដ៏មានអត្ថន័យចំពោះជីវភាពរស់នៅពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារកម្ពុជា ដោយប្រាកដថាពួកគាត់អាចទទួលបានការប្រើប្រាស់ទឹកស្អាត និងឧបករណ៍អនាម័យ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា  តាមរយៈការវិនិយោគលើការកែលម្អសហគមន៍ យើងនឹងរួមចំណែកធ្វើឱ្យអនាគតកម្ពុជាមានវិបុលភាព និងភាពរុងរឿងដ៏ត្រចះត្រចង់»

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន ខេមា បានថ្លែងថា៖ «គ្រឹះស្ថាន ខេមា បានអភិវឌ្ឍផលិតផលឥណទានទឹកស្អាតនិងអនាម័យ ស្របតាមទស្សនវិស័យសង្គមរបស់ខ្លួន ក្នុងការបង្កើនលទ្ធភាពទទួលបានកម្ចីនេះនៅតាមសហគមន៍ជនបទ។ ហើយការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាការទទួលបានប្រភពទុនបន្ថែមទៀត ក្នុងការផ្ដល់ឥណទានទៅដល់អតិថិជនដែលត្រូវការទឹកស្អាតប្រើប្រាស់ និងបរិក្ខារអនាម័យ ដើម្បីលើកកម្ពស់សុខុមាលភាពគ្រួសារ»

ភាពជាដៃគូរវាងធនាគារ វីង និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានឆ្លុះបញ្ចាំងពីសក្តានុពល និងកម្លាំងសាមគ្គីភាពចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំមកនូវការអភិវឌ្ឍសហគមន៍។ ការប្តេជ្ញារួមគ្នាចំពោះការលើកកម្ពស់លើការប្រើប្រាស់ទឹកស្អាត និងអនាម័យទៅដល់សហគមន៍ ស្ថាប័នទាំងពីរកំពុង ធ្វើដំណើរឆ្ពោះទៅកាន់អនាគតដែលមានភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា។
ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា ក៏ដូចជាភ្នាក់ងាររដ្ឋាភិបាល ធនាគារ វីង បានរួមចំណែកដ៏សំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងគំនិតផ្តួចផ្តើមនានា ក្នុងន័យជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើន។

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ នៅថ្ងៃដដែលនេះ គ្រឹះស្ថាន ខេមា បានរៀបចំសិក្ខាសាលាស្ដីពី «ជំនាញលក់ឥណទានទឹកស្អាតនិងអនាម័យ និងចរចាប្រកបដោយប្រសិទ្ធភាព» ដែលបណ្ដុះបណ្ដាលដោយអ្នកជំនាញ ក្រោមជំនួយគាំទ្រពី Water.org និងកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះមានវត្តមានចូលរួមរបស់ លោកស្រីប្រធានក្រុមប្រឹក្សាភិបាល លោកអគ្គនាយកប្រតិបត្តិស្ដីទី គណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថាន ខេមា សរុបប្រមាណ ១១៣នាក់៕