(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានឈានដល់ការទូទាត់ប្រាក់ប្រមាណ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងមួយ ដែលបានចោទប្រកាន់នាយកប្រតិបត្តិ (CEO) លោក Tim Cook ថាបានបោកប្រាស់ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះនៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ការដោះស្រាយបឋមត្រូវបានដាក់នៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតុលាការស្រុកអាមេរិក ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅរង់ចាំការសម្រេចពីចៅក្រមស្រុកអាមេរិកលោកស្រី Yvonne Gonzale Rogers ជាមុនសិន ទើបឈានដល់ការទូទាត់។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដំណោះស្រាយនេះ កើតចេញពីការប្រកាសដែលមិនបានរំពឹងទុករបស់ក្រុមហ៊ុន Apple នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុនបានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនរហូតដល់ ៩ពាន់លានដុល្លារ ដោយបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

រំលឹកទៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ CEO លោក Time Cook បានប្រាប់វិនិយោគិនថា បើទោះបីជាក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងតួកគី ដែលរូបិយប័ណ្ណបានធ្លាក់ចុះក៏ដោយ «ខ្ញុំនឹងមិនដាក់ប្រទេសចិននៅចំណុចនោះជាដាច់ខាត»។ សេចក្តីថ្លែងការណ៍របស់លោក Cook គឺជាចំណុចសំខាន់មួយនៅក្នុងបណ្តឹងដែលម្ចាស់ភាគហ៊ុនចោទប្រកាន់គាត់ពីបទលាក់បាំងការធ្លាក់ចុះនៃតម្រូវការទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន ដែលនាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរពីវិនិយោគិន។

គួរជម្រាបដែរថា ការទូទាត់នេះគឺ គ្របដណ្តប់លើម្ចាស់ភាគហ៊ុនដែលបានទិញភាគហ៊ុន Apple ក្នុងរយៈពេលពីរខែរវាងមតិរបស់ Cook និងការព្យាករណ៍អំពីប្រាក់ចំណូល៕