(ភ្នំពេញ)៖​ ក្រុមហ៊ុន យូរ៉ូស ប៊ីន ជាក្រុមហ៊ុនដែលជាក្រុមហ៊ុន​ផ្គត់ផ្គង់សម្ភារៈអាជីវកម្មកាហ្វេ ​គ្រាប់កាហ្វេ ​និងបណ្តុះបណ្តាលជំនាញឆុងកាហ្វេ បង្កើតឡើងដោយកូនខ្មែរ​ ​​​នាថ្ងៃទី១៥ ខែមីនា បានប្រារព្ធខួប៥ឆ្នាំ និងបង្ហាញសមិទ្ធផលសំខាន់ៗដែលខ្លួនសម្រេចបានក្នុងរយៈពេល​៥ឆ្នាំនេះ ដែលជាការរួមចំណែកធ្វើឱ្យវិស័យកាហ្វេនៅកម្ពុជា កាន់តែរីកចម្រើន។

លោក​ ម៉េត សុខសាន្ត អគ្គនាយកក្រុមហ៊ុន យូរ៉ូស ប៊ីន ឱ្យដឹងថា យូរ៉ូស ប៊ីន មិនមែនជាក្រុមហ៊ុនដែលយូរជាងគេ ហើយក៏មិនមែនជាក្រុមហ៊ុនដែលធំជាងគេ​នៅកម្ពុជាទេ តែក្រុមហ៊ុនមួយនេះ មានចំនុចដែលនាំមុខគេជាច្រើនក្នុងវិស័យផ្គត់ផ្គង់អាជីវកម្មកាហ្វេ។

បើតាម លោក​ ម៉េត សុខសាន្ត ក្នុងរយៈពេល៥ឆ្នាំមកនេះ យូរ៉ូស ប៊ីន បានទទួលសមិទ្ធិផលជាច្រើន ក្នុងនោះរួមមាន៖

១. តាមរយៈគ្រូបង្រៀនដែលមានបទពិសោធន៍ជាង២០ឆ្នាំ បាន​បង្ហាត់បង្ហាញសិស្សជាច្រើន នូវជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្ត ដែលជាលទ្ធផលសិស្សជាច្រើននាក់ បានក្លាយជាម្ចាស់អាជីវកម្មកាហ្វេ និងបានបម្រើការក្នុងហាងកាហ្វេធំៗ​នានា។

២. ​​តាមរយៈការសហការជាមួយរោងចក្រម៉ាស៊ីនកាហ្វេ នៅប្រទេសអ៊ីតាលីម៉ាក ឡាស៊ីមបាលី (LaCimbali) ដែលមានអាយុកាលជាង១១០ឆ្នាំ ជាលទ្ធផលម៉ាស៊ីនកាហ្វេជាច្រើន ត្រូវបានតំឡើងជូនអតិថិជនទូទាំងប្រទេស។

៣. ក្រុមហ៊ុនក៏មានគ្រឿងផ្សំជាច្រើន ជាពិសេសគ្រឿងផ្សំម៉ាក Teissiere មានអាយុកាល ៣០០ឆ្នាំ ដែលជារសជាតិពិតៗរបស់ផ្លែឈើ។

៤. ក្រុមហ៊ុនមានការប្រឹក្សាអាជីវកម្មកាហ្វេច្បាស់លាស់ចំគោលដៅ ជាលទ្ធផលរយៈពេលតែ៥ឆ្នាំ យើងទទួលបានអតិថិជនគាំទ្រជាច្រើននាក់រួមមាន ហាងកាហ្វេ សណ្ឋាគារ ក្រុមហ៊ុន និងភោជនីយដ្ឋាននានាទូទាំងប្រទេស។

៥. សម្រាប់គ្រាប់កាហ្វេ គឺក្រុមហ៊ុនបានសំរិតសំរាំងយកតែគ្រាប់ ដែលមានគុណភាពល្អមកលីង និងផ្គត់ផ្គង់ជូនដល់អតិថិជនតែប៉ុណ្ណោះ។

បន្ថែមពីលើនេះ ក្នុងឱកាសគំរប់ខួប៥ឆ្នាំ ក្រុមហ៊ុន យូរ៉ូស ប៊ីន ថែមទាំងបានអញ្ជើញអ្នកឆុងកាហ្វេលំដាប់ពិភពលោក(world Barisa) មកធ្វើបទបង្ហាញអំពីម៉ាស៊ីនឆុងការហ្វេបច្ចេកវិទ្យាទំនើបចុងក្រោយ ឡាស៊ីមបាលី La Cimbali M200 ផងដែរ។

​លោក វ៉ាលី ឌីដា ប្រធានផ្នែកលក់ និងបច្ចេកទេសរបស់ក្រុមហ៊ុន យូរ៉ូស ប៊ីន បានឱ្យដឹងថា «កំណើនសរុបតួរលេខនៃការលក់គ្រាប់កាហ្វេ គឺមានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ឆ្នាំបន្ទាប់យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងនូវគុណភាពសេវាកម្មឱ្យរហស័ទាន់ចិត្ត និងកាន់តែកៀកដល់អតិថិជនបន្ថែមទៀត។ ដូច្នេះយើងនឹងមានគម្រោងពង្រីកទៅកាន់សាខាខេត្តព្រះសីហនុ និង បាត់ដំបងបន្ថែមទៀត»

​លោកបន្ថែមថា បើប្រៀបធៀបអាយុកាល៥ឆ្នាំរបស់ យូរ៉ូស ប៊ីន និងសន្ទុះលទ្ធផលដែលទទួលបាន យូរ៉ូស ប៊ីនពិតជាក្រុមហ៊ុនកូនខ្មែរដែលនាំមុខគេក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់អាជីវកម្មកាហ្វេ ហើយក្រុមហ៊ុននឹងបន្តខិតខំបន្ថែមឱ្យបានប្រសើរជាងនេះថែមទៀតនៅ៥ឆ្នាំបន្ទាប់​៕