(បទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា Microsoft Teams នឹងនាំយកមុខងារថ្មីមួយដែលមានឈ្មោះថា walkie-talkei ទៅកាន់ទូរស័ព្ទដៃកំពូល iPhone នៅក្នុងខែឧសភា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ប្រិយមិត្តប្រាកដជាបានស្គាល់កម្មវិធី Microsoft Team រួចទៅហើយ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ចូលមក គ្រប់សាលារៀនទាំងអស់ទាំងឯកជន និងរដ្ឋ បានងាកទៅប្រើប្រាស់កម្មវិធីមួយនេះក្នុងការបង្រៀនសិស្ស។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែវិស័យការងារមួយចំនួនក៏ងាកទៅប្រើប្រាស់កម្មវិធីនេះផងដែរ។

ដោយឡែកទទួលបានរបាយការណ៍ថ្មីមកថា Microsoft Team កំពុងធ្វើការលើមុខងារថ្មី ដែលត្រៀមនឹងបញ្ចេញទៅកាន់ iOS ដំបូងគេនៅ ២ខែខាងមុខនេះ ខណៈមុខងារ walkie-talkie នោះត្រូវបាន Microsoft បង្ហើបឱ្យដឹងថា វាមានសមត្ថភាពដូចទៅនឹងអាយកូមអ៊ីចឹង។ មានន័យថា អ្នកប្រើប្រាស់អាចបញ្ចូនសំឡេងទៅកាន់ដៃគូម្ខាងទៀតដោយគ្រាន់តែប្រើប្រាស់កម្មវិធី Microsoft Teams តែប៉ុណ្ណោះ សំឡេងនោះនឹងលឺទៅដល់ដៃគូម្ខាងទៀត។ Microsoft បញ្ជាក់ថា អាចប្រើបានសម្រាប់តែសមាជិកក្នុងក្រុមតែប៉ុណ្ណោះ ហើយកម្មវិធីនេះដំណើរកាទៅបានលុះត្រាតែកំពុងភ្ជាប់អ៊ីនធឺណិត។

តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីមុខថា walkie-talkei នេះ Microsoft នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ថាតើការប្រើប្រាស់អាចនឹងត្រូវកំណត់ចម្ងាយ ឬយ៉ាងណា ខណៈឧបករណ៍អាយកូមនាពេលបច្ចុប្បន្នអាចប្រើបានតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។

ជុំវិញការប្រកាសនេះ ប្រសិនបើ Microsoft បញ្ចេញមុខងារនេះពិតមែន នោះវានឹងផ្តល់ឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន ជាពិសេសក្នុងវិស័យការងារ ដោយមនុស្សម្នាក់មិនចាំបាច់កាន់ទូរស័ព្ទផង និងអាយកូមផងនោះទេ ដោយគ្រាន់តែមានទូរស័ព្ទមួយក្នុងដៃ និងប្រើប្រាស់កម្មវិធី Microsoft Teams នឹងអាចបញ្ជាការទំនាក់ទំនងទៅដៃគូម្ខាងទៀតបានដោយងាយស្រួល៕