(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោកអភិបាលខណ្ឌ ឃឹម ស៊ុនសូដា បានរៀបចំការប្រកួតបាល់ទាត់ «ពានរង្វាន់ខណ្ឌកំបូល» រដូវកាលទី៣ នាវេលារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់កងពលតូចទ័ពពិសេស ឆត្រយោង៩១១ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌកំបូល និងមានការអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ នៃបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១ ព្រមទាំងអាជ្ញាធរសង្កាត់ និងក្រុមកីឡាករ កីឡាការិនីសង្កាត់ទាំង៧ របស់ខណ្ឌ និងនាយទាហាន ពេលទាហានជាច្រើនរូបទៀតផងដែរ។

មន្រ្តីសាលាខណ្ឌកំបូល បានឱ្យដឹងថា នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ខណ្ឌកំបូលរដូវកាលទី៣នេះ មានកីឡាករចូលរួមប្រកួតចំនួន១២ក្រុម មកពីសង្កាត់ទាំង៧ ទូទាំងខណ្ឌកំបូល។ ក្នុងនោះកីឡាករមកពីសង្កាត់ឪឡោក១ក្រុម សង្កាត់ភ្លើងឆេះរទេះ១ក្រុម និងសង្កាត់ប្រទះឡាង១ក្រុម។ ដោយឡែកសង្កាត់បឹងធំ៣ក្រុម សង្កាត់ស្នោរ២ក្រុម សង្កាត់កន្ទោក២ក្រុម និងសង្កាត់កំបូល២ក្រុម។ ដោយចែកចេញជា៤ពូល ហើយក្នុង១ពូលមាន៣ក្រុម ក្រៅពីនេះក៏មានកីឡាការិនីមកពីសង្កាត់ស្នោរជួបប្រកួតជាកិត្តិយសជាមួយក្រុមកីឡាការិនីទ័ពពិសេសឆត្រយោង៩១១ផងដែរ។

នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌកំបូលបានថ្លែងទៅកាន់អង្គពិធីមុនការប្រកួតចាប់ផ្ដើមផងដែរថា ដើម្បីចូលរួមចំណែកអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលខណ្ឌកំបូល បានរៀបចំការប្រកួតបាល់ទាត់ «ពានរង្វាន់ខណ្ឌកំបូល»។ ក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព ភាតរភាព និងផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជននិងយុវជនទូទាំងខណ្ឌកំបូល និងជាការលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡាទាំងអស់គ្នា។ ដើម្បពង្រឹងសុខភាពរាងការឱ្យរឹងមាំ និងលើកកម្ពស់សុខភាពផ្លូវចិត្តដែលជាទ្រព្យដ៏ប្រពៃមិនអាចកាត់ថ្លៃបាន និងចៀសចេញឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

លោកអភិបាលខណ្ឌកំបូល បានបន្តថា កន្លងមករដ្ឋបាលខណ្ឌកំបូល បានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូលចំនួន ២លើករួចមកហើយ ក្នុងនោះរដូវកាលទី១ធ្វើឡើងនៅក្នុងឆ្នាំ២០២០ ដែលមានកីឡាករចូលរួមប្រកួតចំនួន៧ក្រុម មកពីសង្កាត់ទាំង៧ ហើយកាលនោះកីឡាករមកពីសង្កាត់កំបូល ទទួលបានចំណាត់ថ្នាក់លេខ១។ រដូវកាលទី២ធ្វើឡើងក្នុងឆ្នាំ២០២២ ដោយមានកីឡាករចូលរួមប្រកួតចំនួន១៤ក្រុម មកពីសង្កាត់ទាំង៧ ហើយកីឡាករបឹងធំA ដែលមកពីសង្កាត់បងធំទទួលបានចំណាត់ថ្នាក់លេខ១។

លោក ឃឹម ស៊ុនសូដា បានបន្ថែមថា ដោយឡែកការប្រកួតដណ្ដើមពានរង្វាន់ខណ្ឌកំបូលរដូវកាលទី៣ ឆ្នាំ២០២៤នេះ មានកីឡាករចូលរួមប្រកួតចំនួន១២ក្រុម ដែលមកពីសង្កាត់ទាំង៧ របស់ខណ្ឌកំបូល។ ចំពោះលក្ខខណ្ឌនៃការប្រកួត គណៈកម្មការរៀបចំការប្រកួតបានធ្វើការបែងចែកក្រុមប្រកួតជា៤ពូល ដោយក្នុង១ពូល មាន៣ក្រុម ចំណែកការផ្ដល់ពិន្ទុក្នុងការប្រកួត ក្រុមឈ្នះទទួលបាន៣ពិន្ទុ ក្រុមស្មើ១ពិន្ទុ និងក្រុមចាញ់០ពិន្ទុ។ ក្រុមដែលត្រូវឡើងទៅវគ្គបន្ត គឺក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ នៅក្នុងពូលនីមួយៗ៕