(ភ្នំពេញ)៖ ក្នុងសង្គមមួយ ដែលពោរពេញទៅដោយ សុខសុវត្ថិភាព គ្មានអំពើចោរកម្ម គ្មានភាពអសន្តិសុខ គឺជាក្តីប្រាថ្នារបស់ពលរដ្ឋដែលរស់នៅក្នុងសង្គមនោះ ។ ការកើតមានល្បែងស៊ីសងខុសច្បាប់ ក៏ជាផ្នែកមួយដែលនាំឱ្យមានអសន្តិសុខក្នុងសង្គម ដែលកើតចេញពីអំពើ ឆក់ ប្លន់ និង អំពើផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនដែលបានខាតបង់ប្រាក់កាស ដោយសារតែការលេងល្បែងស៊ីសង ។

ការចូលរួមទប់ស្កាត់ និងការបង្រ្កាបល្បែងស៊ីខុសច្បាប់ គឺជាវិធានការដ៏ចាំបាច់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំពង្រឹង និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខក្នុងសង្គម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ។

ដូចនេះក្នុងករណីមានការលេងល្បែងស៊ីសងខុសច្បាប់ តើស្ថាប័នណាជាអ្នកមានសមត្ថកិច្ចក្នុងការបង្ក្រាប ? ហើយអ្នកលេងល្បែងស៊ីសង និងម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងដោយខុសច្បាប់នោះទៀតសោតនឹងត្រូវទទួលទណ្ឌកម្មអ្វីខ្លះ ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

យោងតាម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ១ ត្រួវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ ក្នុងករណីមានការបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់ ឬគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល នោះការចុះទៅបង្ក្រាប និងការទប់ស្តាត់ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ចំពោះអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (១០.០០០៛) មួយម៉ឺនរៀល ដល់ (៥០.០០០៛) ប្រាំម៉ឺនរៀល ឬ ដាក់ពន្ធនាគារពី ១(មួយ) សបា្តហ៍ ដល់ ១ (មួយ) ខែ ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (៥០.០០០៛) ប្រាំម៉ឺនរៀល ដល់ (៥០០.០០០៛) ប្រាំសែនរៀល និងដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ ។

ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (៥.០០០.០០០៛) ប្រាំលានរៀល ដល់ (២០.០០០.០០០៛) ម្ភៃលានរៀល និងដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំដល់ ៥ (ប្រាំ) ឆ្នាំ ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារខាងលើនេះជាអតិបរមា ។

សរុបមក ការបង្ក្រាប និង ការទប់ស្តាត់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។ ចំណែកឯអ្នកលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង នឹងត្រូវទទួលខុសត្រូវជាទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារថែមទៀតផង ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ថន ផានិត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕