(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករ ឈឿង ល្វៃ ដណ្តើមបានខ្សែក្រវាត់មកពីទីក្រុងហុងកុងនៃប្រទេសចិន ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា គ្រាន់តែឈានជើងមកដល់ក្លឹបគុនខ្មែរអន្តរជាតិ លោកឧកញ៉ា ស្រី ចាន់ថន តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកថវិកាចំនួន ២០លានរៀល ជូនដល់កីឡាករ ឈឿង ល្វៃ បន្ទាប់ពីឈ្នះខ្សែរក្រវាត់ I-1 World Boxing Champion Gold Belt កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង និងអ្នកអត្ថាធិបាយចំនួន ៤លានរៀល។

តំណាងឱ្យកីឡាករ ឈឿង ល្វៃ និង MC លោកឧកញ៉ា ស្រី ចាន់ថន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចទាំងទ្វេ ដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខកីឡាកររបស់យើងតាំងតែពីដើមមកដល់ពេលនេះនិងតទៅអនាគត លោកឧកញ៉ា ស្រី ចាន់ថន សូមគោរពបួងសួងជូនលោកទាំងទ្វេទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង ខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ ជន្មាយុ យឺនយូរដេីម្បីបន្តជាម្លប់ សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូលផងដែរ។ គោរពថ្លែងអំណរគុណ ពីខ្ញុំបាទស្រី ចាន់ថន «អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព»

សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ឈឿង ល្វៃ បានគ្រងខ្សែក្រវាត់ I-1 World Boxing Champion Gold Belt ក្នុងការប្រកួតអន្ដរជាតិ នាទីក្រុងហុងកុង នារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះ ២ប្រកួតជាប់ៗគ្នា លើកីឡាករថៃ និងអាល្លឺម៉ង់។

មុនគ្រងខ្សែក្រវាត់អន្ដរជាតិខាងលើ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ គឺបានផ្ដួលកីឡាករ Fahsang របស់ថៃ ត្រឹមទឹកទី១ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese។

ជាលទ្ធផល ឈឿង ល្វៃ ធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះពិន្ទុលើកីឡាករអាល្លឺម៉ង់ ដើម្បីគ្រងខ្សែក្រវាត់ World Boxing Champion Gold Belt។

ជាមួយជោគជ័យរបស់អ្នកលេងគុនខ្មែររូបនេះ ត្រូវបានប្រជាពលរដ្ឋ ពិសេសអ្នកសេ្នហាវិស័យកីឡាប្រដាល់ សម្ដែងការអបអរសាទរយ៉ាងផុសផុលលើបណ្ដាញសង្គម ដ្បិតនេះគឺជាការលើកមុខមាត់ថ្មីមួយទៀត សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរលើឆាកអន្ដរជាតិ៕