(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ បានធ្វើដំណើរឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series នាចុងសប្ដាហ៍នេះ ខណៈគ្រូបង្វឹកលោក Felix Dalmas បានចាត់ទុកបេសកកម្មនេះ គឺជាការត្រៀមលក្ខណៈមួយ សម្រាប់ក្រុមគោព្រៃត្រៀមការប្រកួតជម្រុះ Asian Cup នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

លោក Felix បានលើកឡើងមុនដឹកនាំក្រុមគោព្រៃចាកចេញពីមាតុភូមិថា បេសកកម្មនេះ កម្ពុជានឹងត្រូវធ្វើការងារធ្ងន់ ដ្បិតត្រូវជួបក្រុមដែលមានកម្រិតខ្ពស់ជាង។ ដូច្នេះលោកសង្ឃឹមថា សាធារណៈជន និងអ្នកគាំទ្របានយល់ពីគូប្រជែងរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបនាពេលខាងមុខ គឺក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង។

យ៉ាងណាមិញលោកបានចាត់ទុកការប្រឈមជាមួយក្រុមខ្លាំងៗ ក្រៅដី និងត្រូវលេងម៉ោង ១០យប់នេះ គឺជាការប្រកួតប្រជែងថ្មី និងបទពិសោធន៍ថ្មីមួយ សម្រាប់លោកក្នុងការរៀបចំក្រុម និងត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតជម្រុះ Asian Cup នាខែកញ្ញាខាងមុខ។ កត្ដាទាំងអស់នេះហើយ ទើបនាំឲ្យមានការផ្លាស់ប្ដូរកីឡាករមួយចំនួន សម្រាប់ជ្រើសរើសចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាលើកនេះ។

សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកនេះ ចំពោះក្រុមជម្រើសជាតិកម្ពុជា គឺមាន ២ប្រកួត រួមមានជួបក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក នាថ្ងៃទី២២ ខែមីនា និងប្រកួតបន្ទាប់ ត្រូវជួបក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីកណ្ដាលនៃប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា។

គួរដឹងថា ពានរង្វាន់ FIFA Series ត្រូវបានបញ្ចូលក្នុងកាលវិភាគប្រកួតមិត្តភាពអន្ដរជាតិ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក្នុងខែមីនា ឆ្នាំ២០២៤ នេះ ក្នុងទិសដៅសាងសមត្ថភាពការប្រកួតជាសកល បន្ទាប់ពីគោលដៅយុទ្ធសាស្ដ្រនេះ ត្រូវបានសម្រេចដោយក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក កាលពីចុងឆ្នាំ២០២២៕