(ប៉ារីស)៖ តារាជើងស៊ុត Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯងពីការបង្ហាញខ្លួនលើកទី២០០ ក្នុង Ligue 1 របស់បារាំងជាមួយក្លិប Paris Saint Germain នៃជំនួបដែលបានបំបាក់ម្ចាស់ផ្ទះ Montpellier ៦ទល់នឹង២ នាយប់មិញនេះ។

តាមរយៈជ័យជម្នះដោយស្រួលក្រៅដីនេះដែរ បានធ្វើឱ្យក្រុមការពារតំណែងជើងឯក PSG កាន់តែខិតជិតក្នុងការ គ្រប់គ្រងពាន Ligue 1 សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ ជាបន្តទៀត ដោយបានកំពុងនាំមុខដាច់ ១២ពិន្ទុផងដែរ បើធៀបនឹងក្រុមលេខ២ Brest បន្ទាប់ពីឆ្លងកាត់បាន ២៦ប្រកួតមកដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងប្រកួតនោះដែរ មិត្តរួមក្រុម Vitinha ជាអ្នករកបានគ្រាប់នាំមុខឱ្យ Paris នៅមុនពេល Mbappe ធ្វើបានហែតទ្រីក ពោលគឺនៅនាទី២២ ៥០ និងនាទី៦៣ តែម្តង ដើម្បីកើនគ្រាប់ស៊ុតបាន ២៤គ្រាប់ក្នុងលីគ ក្នុងចំណោមការធ្វើបាន ៣គ្រាប់ជាលើកទី៣ ផងដែរនារដូវកាលនេះ។

ជាមួយគ្នានោះ ប្រធានក្រុមមាន់គកបារាំង វ័យ ២៥ឆ្នាំ ក៏បានសំលឹងឃើញក្នុងការឈ្នះពានជើងឯក Ligue 1 ជាលើកទី៤ របស់គេដែរ ក្នុងចំណោមលេង ៥រដូវកាលកន្លងមកនេះ មុនពេលចាកចេញពីទឹកដី Parc des Princes នៅពេលបញ្ចប់រដូវកាលនេះ ដើម្បីទៅចូលរួមជាមួយ Real Madrid ក្នុងប្រទេសអេស្ប៉ាញ៕