(ឡុងដ៏)៖ នៅពេលនេះការប្រកួតពានរង្វាន់ក្របខណ្ឌលីគអង់គ្លេស FA Cup 2023-24 បានរកឃើញក្រុមលេងវគ្គ ៤ក្រុមហើយ ដោយមានក្រុមការពារតំណែងជើងឯក Manchester City ប៉ះតោខៀវ Chelsea FC ហើយក្រុមបិសាចក្រហម Manchester United ជួបក្រុម Coventry City ជាមួយការប្រកួតវគ្គនេះគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Wembley ។

ស្ថិតក្នុងការប្រកួតដ៏ជុកចិត្តវគ្គ ៨ក្រុមនោះ ក្រុមនបិសាចក្រហម Man United បានយកឈ្នះក្រុមហង្សក្រហម Liverpool ដល់ទៅ ៤-៣ ពីការឈានដល់លេងម៉ោងបន្ថែម បន្ទាប់ពីការស៊ុតនាំមុខគ្នាទៅវិញទៅមកដែល ១គ្រាប់បើកឆាកកើតឡើងដោយកីឡាករ Mc Tominay នៅនាទី១០ ខណៈគ្រាប់ជ័យជម្នះក្រុមលោក Erik Ten Hag ធ្វើបានសម្រេចដោយកីឡាករ Diallo នៅនាទី១២០+១។

ជាមួយគ្នានោះ តោខៀវ Chelsea បានយកឈ្នះក្រុម Leicester City ៤-២ ហើយក្រុម Man City យកឈ្នះក្រុម Newcastle United ២-០ នឹងក្រុម Coventry យកឈ្នះ Wolves ៣-២។

ខណៈនេះជាការឈានមកដល់វគ្គ ៤ក្រុមជាថ្មីម្តងទៀតរបស់ Coventry ដែលស្ថិតក្រោមការដឹកនាំដោយអតីតខ្សែប្រយុទ្ធបិសាចក្រហមលោក Mark Robins ដែលត្រូវប្រឈមមុខជាមួយ Man United នាពេលខាងមុខនេះ គិតចាប់តាំងពីពួកគេបានឈ្នះពាននេះ ១លើកនៅឆ្នាំ១៩៨៧ ដូច្នេះមានន័យថា សម្រាប់វគ្គ ៤ក្រុមរដូវកាលនេះ គឺសុទ្ធសឹងតែជាក្រុមធ្លាប់ឈ្នះពាន FA Cup ទាំងអស់។

រំលឹកផងថា នៅវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន Man City ជាក្រុមជើងឯក បន្ទាប់ពីយកឈ្នះ Man United ២-១ ខណៈនេះជាការបន្តក្តីសង្ឃឹមរបស់ Man United ក្នុងការស្វែងរកពានរង្វាន់សម្រាប់រដូវកាលនេះ ក្នុងនាមជាក្រុមឈ្នះពាននេះ ១២សម័យកាល ដោយលើកបានចុងក្រោយនៅរដូវកាល២០១៥-១៦ ដោយមានរយៈពេល ៨ឆ្នាំមកហើយគិតមកដល់ពេលនេះ ជាមួយនឹងក្រុម Chelsea ក៏លើកពាននេះបាន ៨សម័យកាល នឹងមេឃខៀវ Man City ធ្វើបាន ៧សម័យកាលផងដែរ៕