(អ៊ីស្តង់ប៊ូល)៖ ក្រុមអ្នកគាំទ្រខាងម្ចាស់ផ្ទះ Trabzonspor បានស្ទុះចូលទីលានប្រកួត ដើម្បីវាយកីឡាកររបស់ក្លិប Fenerbahce បន្ទាប់ពីក្រុមរបស់ពួកគេលេងចាញ់ក្រុមភ្ញៀវក្នុងលទ្ធផល ៣-២ នាយប់មិញនេះ ក្នុងក្របខណ្ឌលីគកំពូលនៃប្រទេសតួកគី។

អ្នកគាំទ្រខាងម្ចាស់ផ្ទះ Trabzonspor បានបង្កព្យុះភ្លៀង តាមរយៈរត់ចូលទីលានតែម្តង ក្រោយកញ្ចែបញ្ចប់ការប្រកួតពេញម៉ោងនៅកីឡដ្ឋាន Papara Park ជាទីដែលក្រុមកីឡាករ Fenerbahce បានកំពុងធ្វើការអបអរសាទរជ័យជម្នះផងដែរ ស្របពេលកីឡាករ Bright Osayi-Samuel និង Michy Batshuayi រួមទាំងក្រុមការពារសន្តិសុខព្យាយាមទប់ស្កាត់ទៀតផង។

ភ្លាមៗនោះដែរក្រោយពីកើតហេតុការណ៍ខាងលើ មន្រ្តីក្រសួងមហាផ្ទៃតួកគីលោក Ali Yerlikay ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «នេះគឺជាអំពើហិង្សាក្នុងបាល់ទាត់ ដែលពុំអាចទទួលយកបានឡើយ»

យ៉ាងណាក៏ដោយ នេះគឺជាហេតុការណ៍ដោយចេតនាថ្មីផ្សេងទៀត ក្នុងចំណោមសកម្មភាពហិង្សាជាច្រើននៅលីគកំពូលតួកគីនាអំឡុងរដូវកាលឆ្នាំ២០២៣-២០២៤ នេះ។

តាមរយៈជ័យជម្នះក្រៅផ្ទះនេះដែរ បានធ្វើឱ្យ Fenerbahce បន្តឈរនៅលេខរៀងទី២ ក្នុងលីគយ៉ាងរឹងមាំ ដោយតាមពីក្រោយក្រុមកំពូលតារាង Galatasaray ត្រឹម ២ពិន្ទុប៉ុណ្ណោះ ប៉ុន្តែនាំមុខក្រុមចាញ់ Trabzonspor ដែលកំពុងឈរលេខ៣ ដាច់ដល់ទៅ ៣០ពិន្ទុឯណោះ បន្ទាប់ពីឆ្លងកាត់ ៣០ប្រកួតដូចគ្នា៕