(ភ្នំពេញ)៖ ដូចទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗនេះក្រុម​គ្រួសារ​តារា​កំប្លែង​អ្នកស្រី ជុំ រស្មីហៅស្រីទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ​ កញ្ញា ស៊ូ ស៊ី​រី​កា បាន​នឹងកំពុង​តែ​ដង្ហោយ​រក​ភាព​យុត្តិធម៌ពី​តុលាការ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ខ ណៈ​នីតិវិធីបាន​ដល់​ដៃ​តុលាការ​សាលាឧទ្ធរណ៍ទៅ​ហើយ ។

តារា​កំប្លែងអ្នកស្រី ​ស្រី​ទូច ធ្លាប់បាន​​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានថា មកទល់ពេលនេះអ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារបាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយនៅក្នុង​រយ:ពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការជាមួយនឹង​ភាគី​ស្វាមី​របស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតកហើយ​ថែម​ទាំង បាន​បណ្ដេញ សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង​។

ទោះបីយ៉ាងណាតារាកំប្លែងជើងចាស់រូបនេះក៏បានបញ្ជាក់ប្រាប់ Fresh News Plus ថា ពាក់ព័ន្ធរឿងរ៉ាវបណ្តឹងរបស់លោកស្រីពេលនេះ គឺបានធ្លាក់ដល់ដៃ​តុ លាការ​សាលាឧទ្ធរណ៍ ខណ:អ្នកស្រីកំពុងត្រៀមខ្លួនចូលទៅបំភ្លឺនៅចុងខែមីនាខាងមុខនេះ។ អ្នកស្រីសង្កត់ធ្ងន់ថា រឿងដែលអ្នកស្រីរួម​ទាំង​បងប្អូន​កូនចៅចង់​បានគឺសូមឲ្យ​មានការ​ផ្តល់​ភាព​យុត្តិធម៌ចំពោះ​ពួក​គាត់​ដូចដែល​មាន​សរសេរ​នៅ​ក្នុង​លិខិត​បណ្តាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ដែល​ជា​ម្តាយនិង​ជីដូន​។

អ្នកស្រី ទូច បានលើកដែរថា «ពន្លឺយុត្តិធម៌ពិតជាទទួលបានចំពោះបងប្អូននឹងកូនក្មួយរបស់នាងខ្ញុំយ៉ាងពិតប្រាកដ នាងខ្ញុំសូមជំរាបដល់មនុស្សអាត្មានិយមនិងអ្នកតែស្ករទាំងអស់ដែលនៅពីក្រោយរឿងទាំងអស់នេះ បើមិនដឹងច្បាស់ទេឈប់បានឈប់ទៅគ្រាន់តែឮគេនិយាយនឹងជួបមួយដងមួយកាលកុំអះអាងថាខ្លួនដឹងច្បាស់ខ្លាំងពេក ព្រោះអ្នកមិនបាននៅជិតម្ដាយខ្ញុំយប់ថ្ងៃដូចបងប្អូនកូននឹងក្មួយៗទេ គឺអ្នកទាំងអស់នេះហើយជាសាក្សីរស់របស់ខ្ញុំ»

អ្នកស្រីបន្តថា នៅមានភស្តុតាងច្រើនណាស់ដែលត្រូវបង្ហាញនឹងបំភ្លឺគឺដល់ពេលហើយ ដើម្បីអោយអ្នកដែលស៊ូស្លាប់ ដើម្បីទ្រព្យម្ដាយខ្ញុំនឹងចំណែករបស់បងប្អូនកូនក្មួយរបស់អ្នកស្រីក៏សូមឈប់បើមិនចង់ល្បីព្រោះអ្នកដែលនៅពីរក្រោយរឿងនេះ អ្នកស្រីដឹងនិងស្គាល់អស់ហើយ ថាជាបណ្ដាញរបស់អ្នកណាខ្លះគឺអ្នកស្រីលែងខ្សិបទៀតហើយ ពោលគឺស្រែកដើម្បីអោយមហាជនដឹងថាអ្វីជាអ្វីមិនអាចនៅបាំងក្នុងជញ្ជាំងទៀតទេ (ទឹកដល់ច្រមុះហើយ)។

ដោយឡែកពាក់ព័ន្ធរឿងបណ្តឹងព្រហ្មទណ្ឌត្រូវបានតារាកំប្លែង ស្រីទូច បញ្ជាក់ថា ត្រូវបានព្រះរាជអាជ្ញាចាត់ទុកអត់បានការហើយក៏បានចេញសេចក្តីច្រានចោលថាសំណុំរឿងនេះពុំមែនជាសំណុំរឿងព្រហ្មទណ្ឌទេ គឺជាសំណុំរឿងរដ្ឋប្បវេណី។ លោកស្រីបន្តថាចំណែករឿងទៅសាលាឧទ្ធរណ៍អ្នកស្រីអត់ទាន់ទទួ លបានដីការតម្កល់របស់សាលាឧទ្ធរណ៍ទេហេតុអ្វីបានជាមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងដីការសម្រេច(សំណុំរឿងតម្កល់សាលាឧទ្ធរណ៍) ព្រោះអ្នកស្រីអត់ទាន់បានទទួលទេ ហេតុនេះអ្នកស្រីសូមបដិសេធ។

តារា​កំប្លែង​អ្នកស្រីជុំ រស្មីហៅ ស្រីទូចបាននិយាយទៀតថា «ចំណែករឿងបណ្តាំមរតករបស់ម្តាយខ្ញុំ គឺលោក ស្រី កែវ មន្ថាបានប្រកាសបែងចែកតាមរយ:មេធាវីមរតកនៅក្នុងផ្ទះម្តាយខ្ញុំរស់នៅ (កាលនៅមានជីវិត) អាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោក រាជធានីភ្នំពេញ ហើយពេលនោះគឺមានទាយាទទាំងអស់មកទទួលស្តាប់ដឹងឮទាំងអស់គ្នានៅក្នុងផ្ទះដែលម្តាយខ្ញុំធ្លាប់រស់នៅទីនោះ និងក៏មានលិខិតបញ្ជាក់ពីមេធាវីមរតកចេញសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ម្តាយខ្ញុំបានធ្វើបណ្តាំមរតកដោយមានឆន្ទ:ពិតប្រាកដទៅឲ្យកូនៗនិងចៅដែលជាទាយាទទួលស្តាប់ទាំងអស់គ្នា»

អ្នកស្រីជុំ រស្មីហៅ ស្រី ទូច បញ្ជាក់ទៀតថា អ្វីដែលសំខាន់គឺពេលនេះបងប្អូននឹងកូនក្មួយៗរបស់អ្នកស្រី ត្រូវការភាពយុត្តិធម៌តាមរយ:ការតវ៉ាទាមទារនូវការចែងចែកផ្ទះចំនួន២កន្លែងទៀត ដែលមានអាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោ ក និងផ្ទះលេខ៧D+CE0E1ផ្លូវលេខ១៣៨ ក្រុម៣១ ភូមិ៥សង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ ដើម្បីកាត់មកឲ្យបងប្អូនកូនក្មួយដែលជាសមាជិកគ្រួ សាររបស់អ្នកស្រីវិញ ទោះបីផ្ទះ២កន្លែងនោះ ត្រូវបានកាត់ទៅឲ្យភាគីម្ខាងទៀត (សុត សំអាល់ និងសុត សំអៀត) ហើ យក្តី ព្រោះថាទ្រព្យសម្បត្តិទាំងនោះត្រូវតែបែកចែកទៅតាមបណ្តាំរមតករបស់អ្នកម្តាយ កែវ មន្ថា ដែលបានតម្កល់ទុកសម្រាប់កូនៗនិងចៅៗរបស់គាត់។

អ្នកស្រីលើកឡើងថា ចំពោះផ្ទះពីរដែលបានផ្ទេរសិទ្ធទៅឲ្យឈ្មោះ សុត សំអាល់ និងសុត សំអៀត នោះគឺពុំបានទទួលស្គាល់ដឹងឮពីបងប្អូន និងសមាជិកក្រុមគ្រួសារអ្នកស្រីឡើយពោល គឺមិនមានការផ្តិតមេដៃដឹងឭ ឬទទួលស្គាល់ទេ (គឺធ្វើឡើងក្រោយបណ្តាំមរតកដែលបានប្រកាសថ្ងៃទី១៦ខែមករា ឆ្នាំ២០២២)។ ម្យ៉ាងទៀតអ្នកស្រីថាមុនអ្នកម្តាយកែវ មន្ថា ទទួលមរណភាពគឺមានបណ្តឹងលែងលះជាមួយស្វាមីក្រោយគាត់ជាច្រើនលើកច្រើនសារដោយសារបញ្ហាមិនព្រមលក់ផ្ទះ ប៉ុន្តែដោយមានការអង្វរពីកូនៗក៏ត្រូវរ៉ូវគ្នាវិញរបស់លោកស្រី កែវ មន្ថា ចែកឋានកាលពីឡុងឆ្នាំ២០២១ កន្លងទៅ។

តារាកំប្លែងអ្នកស្រី ទូច បានបន្ថែមថាគិតរហូត​មក​ដល់ពេល​នេះ អ្នកស្រីនៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​ណាមួយ ដែល​ស្រប​នឹង​ឆន្ទៈ​រប ស់​មរតក​ជនលោកស្រី កែវ ម​ន្ថា ឬ​ ដំណោះស្រាយ​ណាមួយ​សមរម្យ ដែល​រូប​អ្នកស្រីនិង​សមាជិកគ្រួសារ​ទាំងអស់អាច​ទទួលយក​បាន​នៅឡើយ​នោះ​ទេ ស្រប​ពេល​សំណុំរឿង​នេះកំពុង​នៅ​ក្នុង​ដៃ​របស់​សាលាឧទ្ធរណ៍។ តារាកំប្លែងអ្នកស្រី ជុំ រស្មីហៅ ស្រី ទូច ក៏បានស្នើសុំឲ្យសាលាឧទ្ធរណ៍ជួយពិនិត្យសំណុំរឿងនេះនិងផ្តល់ភាពយុត្តិធម៌សម្រាប់អ្នកស្រីនិងសមាជិកគ្រួសារផង ខណ:ដែលអ្នកស្រីកំពុងត្រៀមនឹងឡើងទៅក្នុងពេលឆាប់ៗនេះ៕