(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC កំពុងពិចារណាលើសមត្ថភាពវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន ខណៈក្រុមហ៊ុននេះត្រូវបានគេមើលឃើញថា កំពុងបន្ថែមសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងរោងចក្រនៅប្រទេសជប៉ុន ជាមួយការចាប់ផ្តើមឧស្សាហកម្ម semiconductor និងបន្ទាប់ពីសម្ពោធរោងចក្រខ្នាតធំដំបូងបង្អស់របស់ខ្លួននៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

តាមប្រភពបានឲ្យដឹងថា ការពិភាក្សាលើការងារខាងលើ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ខណៈជម្រើសមួយ ដែលក្រុមហ៊ុនផលិតបន្ទះកំពូលរបស់តៃវ៉ាន់មួយនេះ កំពុងពិចារណា គឺការនាំយកបច្ចេកវិទ្យាវេចខ្ចប់បន្ទះឈីបរបស់ខ្លួនមានឈ្មោះថា «CoWos» ទៅកាន់ប្រទេសជប៉ុន។ CoWoS គឺជាបច្ចេកវិទ្យា ដែលមានភាពជាក់លាក់ខ្ពស់ ពាក់ព័ន្ធនឹងការដាក់បន្ទះសៀគ្វីនៅពីលើគ្នាទៅវិញទៅមក បង្កើនថាមពលដំណើរការ និងសន្សំសំចៃទំហំ កាត់បន្ថយការប្រើប្រាស់ថាមពលច្រើន។ ត្បិតបច្ចុប្បន្ន សមត្ថភាពនៃការវេចខ្ចប់បន្ទះឈីបតាមបច្ចេកវិទ្យា CoWoS ទាំងអស់របស់ TSMC គឺស្ថិតតែនៅក្នុងតៃវ៉ាន់ប៉ុណ្ណោះ។ ប្រភពដែលមិនបញ្ចេញឈ្មោះថា បង្ហើបថា រហូតមកទល់នឹងពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយកើតឡើង ឬការកំណត់ពេលវេលាសម្រាប់ការវិនិយោគមួយនេះឡើយ ខណៈក្រុមហ៊ុនមិនបានបង្ហាញជាសាធារណៈពីគម្រោងនេះទេ។

នាយកប្រតិបត្តិ TSMC លោក Wei បាននិយាយកាលពីខែមករាថា ក្រុមហ៊ុនគ្រោងនឹងបង្កើនទិន្នផល CoWos ទ្វេដងនៅឆ្នាំនេះជាមួយនឹងការកើនឡើងបន្ថែមទៀត ដែលបានគ្រោងទុកនៅឆ្នាំ២០២៥។ ការកសាងសមត្ថភាពសម្រាប់ការវេចខ្ចប់កម្រិតខ្ពស់ នឹងពង្រីកប្រតិបត្តិការដែលកំពុងកើនឡើងរបស់ TSMC នៅក្នុងប្រទេសជប៉ុន ដែលក្រុមហ៊ុនតៃវ៉ាន់មួយនេះ ទើបតែបានសាងសង់រោងចក្រមួយរួចរាល់។

គួរជម្រាបថា រោងចក្រថ្មីរបស TSMC នៅជប៉ន គឺមានឈ្មោះថា Japan Advanced Semiconductor Manufacturing ឬ JASM ត្រូវបានរៀបចំឡើង និងដំណើរការនៅចុងឆ្នាំនេះ។ TSMC ក៏បានប្រកាសពីផែនការសម្រាប់រោងចក្រទីពីរនៅក្នុងប្រទេសជប៉ុនកាលពីដើមខែនេះផងដែរ ខណៈការផលិតរំពឹងថានឹងចាប់ផ្តើមក្នុងរយៈពេលប្រហែល៣ឆ្នាំខាងមុខ៕