(បរទេស)៖ ក្រុមហ៊ុន Huawei បានដោះស្រាយការយឺតយ៉ាវក្នុងការផលិត និងចែកចាយរថយន្ត Luxeed S7 របស់ក្រុមហ៊ុន Chery ដោយបញ្ជាក់ថា បញ្ហាដែលបណ្តាលមកពីកង្វះខាតឧបករណ៍ពាក់កណ្តាលសម្រេច និងបញ្ហាផ្លាស់ប្តូរទីតាំងរោងចក្រនឹងត្រូវដោះស្រាយនៅខែមេសាខាងមុខ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយប្រធានផ្នែករថយន្តរបស់ Huawei លោក Richard Yu ដែលបានលើកឡើងថា ស្ថានភាពគួរតែត្រូវបានដោះស្រាយចាប់ពីខែមេសាតទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដើមហេតុនៃការពន្យាពេលនេះគឺដោយសារតែហេតុផលធំៗពីរខាងលើរបស់ Huawei ជុំវិញកង្វះខាតឧបករណ៍ពាក់កណ្តាលសម្រេច (semiconductor) និងការផ្លាស់ប្តូរទីតាំងរោងចក្រទើបបណ្តាលឱ្យក្រុមហ៊ុនដែលជាដៃគូសហការរបស់ Huawei ជាប់គាំងក្នុងដំណើរការផលិតរថយន្ត។ យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះបានឈានដល់ការប្តឹងប្តល់គ្នាថែមទៀតផង។

បើតាមរបាយការណ៍របស់ Reuters កាលពីខែមករាកន្លងទៅបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Chery និងដៃគូ Huawei មួយផ្សេងទៀតដែលមានឈ្មោះថា Changan Auto បានដាក់ពាក្យបណ្តឹងទៅកាន់ Huawei ដោយចោទប្រកាន់ពីការយឺតយ៉ាវ និងប៉ះពាល់ដល់អតិថិជនរបស់ខ្លួន។

Luxeed S7 seden គឺជារថយន្តអគ្គិសនីម៉ូដែលដំបូងបង្អស់របស់ក្រុមហ៊ុនចិន Chery ជាមួយនិង​Huawei ហើយគ្រាន់តែក្រុមហ៊ននេះបង្ហាញពីរូបរាងរបស់ Luxeed S7 seden មានការបញ្ជាទិញកើនឡើងរហូតដល់ទៅ ២០,០០០គ្រឿងឯណោះគិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះការបញ្ជាទិញនេះនាយកគ្រប់គ្រងនៅ Luxeed បាននិយាយក្នុងអំឡុងខែមករាថា អតិថិជនដែលបានបង់ប្រាក់រួចរាល់សម្រាប់ការបញ្ជាទិញនឹងត្រូវបានសងប្រាក់វិញរហូតដល់ ១០,០០០យន់ ប្រសិនបើពួកគេមិនផ្តល់ជូនរថយន្តក្នុងពេលវេលាដែលបានសន្យា។ ខណៈដែលរថយន្តអគ្គសនី Luxeed S7 seden នេះគឺមានតម្លៃចាប់ពី ២៤៩,៨០០យន់ (ប្រហែល ៣៤,៧១៦ដុល្លារ)។

គួរជម្រាបដែរថា ម៉ាកយីហោនេះទើបតែបានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ប៉ុណ្ណោះ ហើយត្រូវបានក្រុមហ៊ុន Huawei មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក Yu ពីមុនបានអះអាងថា S7 នឹងយកឈ្នះ Model S ដ៏ប្រណិតរបស់ក្រុមហ៊ុន Tesla ក្នុងការអនុវត្ត និងក្នុងតម្លៃទាបជាង Model 3៕