(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវប្រជាពលរដ្ឋ ពិសេសអ្នកខេត្តព្រះសីហនុ រួសរាន់ចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅក្រុងព្រះសីហនុឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាបង្ហាញពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជា និងឈានទៅរកការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាតាមតំបន់ឆ្នេរក្នុងតំបន់។

ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនានេះ ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នឹងត្រូវរៀបចំផ្លូវការនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយចេញដំណើរ និងបញ្ចប់ នៅតំបន់ឆ្នេរអូរឈើទាល ស្របពេលគណៈកម្មការរៀបចំ ក៏បានចាប់ផ្ដើមទទួលពាក្យចូលរួមឡើងវិញផងដែរ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមបន្ថែមទៀត។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា រាល់ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងទាំងអស់ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីសប្បុរសធម៌ និងបរិស្ថាន ជាក់ស្ដែងទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ ប្រសិនបើទទួលបានធនធានពីការរៀបចំ គណៈកម្មការនឹងធ្វើការបរិច្ចាគដល់មន្ទីរពទ្យ និងអង្គការដៃគូនានា។ ម្យ៉ាងការរៀបចំនេះ ក៏ដើម្បីប្រមូលនូវទស្សនៈទានរួម ក្នុងការបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមថែរក្សានូវបរិស្ថាន និងបៃតង ពិសេសបរិស្ថានសមុទ្រ និងឆ្នេរ ដើម្បីទាក់ទាញនូវភ្ញៀវទេសចរផង ហើយក៏ដើម្បីទទួលបាននូវសុខភាពល្អផងដែរ។

លោកបន្ដថា ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយការជួសជុល និងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរបស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍កីឡាបណ្ដាប្រទេសក្នុងតំបន់ មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។ ប៉ុន្ដែផ្លូវរត់ស្អាត បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ក៏មិនអាចរុញឲ្យព្រឹត្តិការណ៍មួយទទួលបានជោគជ័យដែរ។ ហេតុនេះ លោកបានស្នើឲ្យមានការយោគយល់ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន ដើម្បីឆ្លើយតបនឹងគោលបំណងនៃការរៀបចំផង និងជំរុញព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងតាមឆ្នេរនេះមានភាពល្បីល្បាញ និងទាក់ទាញការចូលរួមកាន់តែច្រើនផង។

គួរដឹងថា មកទល់ពេលនេះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ បានទទួលអ្នកចុះឈ្មោះជាង ១,១៦០នាក់ហើយ ក្នុងនោះមានអ្នករត់ចម្ងាយ ២១គីឡូម៉ែត្រ ជាង ២៥០នាក់, អ្នករត់ចម្ងាយ ១០គីឡូម៉ែត្រជាង ៤៥០នាក់, អ្នករត់ចម្ងាយ ៥គីឡូម៉ែត្រជិត ៣០០នាក់ និងអ្នករត់កម្សាន្ដជាង ៣០០នាក់។ ក្នុងចំណោមអ្នកចុះឈ្មោះសរុប ក៏មានជនបរទេសជាង ២០០នាក់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការម៉ារ៉ាតុង នៅតែបន្ដទទួលពាក្យ រហូតដល់ថ្ងៃទី០៥-០៦ ខែមេសា ដើម្បីផ្ដល់សម្ភារជូនអ្នកចុះឈ្មោះ នៅទីតាំងឆ្នេរអូឈើទាលផ្ទាល់តែម្ដង៕