(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថា បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិភ្សាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងក្រុមហ៊ុន Google ដើម្បីបញ្ចូលម៉ាស៊ីនឆ្លាតវៃបញ្ញាសិប្បនិម្មិត្ត AI ដែលមានឈ្មោះថា Gemini ចូលទៅក្នុង iPhone។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងទៀតថា Apple និង Google កំពុងស្ថិតក្នុងការចរចារយ៉ាងសកម្មដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្ស iPhone ទទួលបានអាជ្ញាប័ណ្ណ Gemini នឹងដើម្បីផ្តល់ថាមពលដល់មុខងារថ្មីៗមួយចំនួនដែលនឹងមកដល់កម្មវិធី iPhone នៅឆ្នាំនេះ។

កិច្ចសហការដ៏មានសក្តានុពលនេះ មានគោលបំណងពង្រឹងសមត្ថភាព AI របស់ iPhone ជាពិសេសនៅក្នុងមុខងារ generative AI ដូចជាការបង្កើតរូបភាព និងការសរសេរអត្ថបទដោយផ្អែកសំណួរ និងការណែនាំ។ ខណៈពេលដែលក្រុមហ៊ុន Apple កំពុងបង្កើតគំរូ AI ផ្ទាល់ខ្លួនសម្រាប់កំណែ iOS 18 នាពេលខាងមុខ ហើយក្រុមហ៊ុននេះក៏កំពុងស្វែងរកដៃគូដើម្បីពង្រឹងមុខងារ AI ជំនាន់ថ្មីផងដែរ។

គួរជម្រាបដែរថា លក្ខខណ្ឌ និងព័ត៌មានលម្អិតនៃការអនុវត្តទៅលើកិច្ចព្រមព្រៀងរវាងភាគីទាងពីរទាំង Apple និង Google នេះនៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេ ប៉ុន្តែ Bloomberg បានបញ្ជាក់នៅក្នុងរបាយការណ៍ចេញផ្សាយថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានប្រកាសរហូតដល់ខែមិថុនាឯណោះ។ ខណៈវាជាពេលវេលាដែល Apple នឹងរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍ ឬ ព្រឹត្តិការណ៍ WWDC 2024 ទូទាំងពិភពលោកប្រចាំឆ្នាំរបស់ខ្លួន។

ការផ្លាស់ប្តូរនេះ បង្ហាញពីការផ្តោតជាយុទ្ធសាស្ត្ររបស់ Apple លើការជំរុញសមត្ថភាព AI របស់ខ្លួន និងដើម្បីតាមទាន់ដៃគូប្រកួតប្រជែងដូចជា Microsoft និង Google ក្នុងការដាក់ពង្រាយបច្ចេកវិទ្យា AI ជំនាន់ថ្មី៕