(បរទេស)៖ ក្រុមហ៊ុនផលិត Drone ដ៏ធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា EHang ទើបតែសម្រេចបានសមិទ្ធផលថ្មីមួយក្នុងការផលិត «តាក់ស៊ីហោះ» ម៉ូដែល EH216-S ហើយឥឡូវនេះទទួលបានដំណឹងមកថាកំពុងដាក់លក់នៅលើ Taobao ក្នុងតម្លៃ ២.៣៩លានយ័ន (ប្រហែល ៣៣២,០៦០ដុល្លារ)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយាការណ៍ចេញផ្សាយបានឱ្យដឹងថា គម្រោងចេញលក់នេះបានធ្វើឡើងបន្ទាប់ពី EHang ទទួលបានវិញ្ញាបនបត្រអនុម័តសុវត្ថិភាពពីអាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិនក្នុងខែតុលា ដែលជាជំហានដ៏សំខាន់មួយនៅក្នុងវឌ្ឍនភាពរបស់ក្រុមហ៊ុនឆ្ពោះទៅរកការផ្តល់ជូននូវតាក់ស៊ីតាមផ្លូវអាកាសដឹកអ្នកដំណើរដោយស្វ័យភាព។

លើសពីនេះទៀត EHang កំពុងវាយតម្លៃការចាប់ផ្តើមជើងហោះហើរជាលើកដំបូងសម្រាប់ដឹកអ្នកដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសចិន ហើយបាននឹងកំពុងបង្កើតភាពជាដៃគូដើម្បីអភិវឌ្ឍទេសចរណ៍រយៈកម្ពស់ទាប ជាមួយនឹងផែនការសម្រាប់រថយន្ត EHang ជាង ១២០គ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ ត្រឹមរយៈពេលដ៏ខ្លីចាប់តាំងពីដាក់បង្ហាញនៅបណ្តាញផ្សព្វផ្សាយ ក្រុមហ៊ុនចិនដ៏ធំនេះ ក៏បានទទួលការបញ្ជាទិញទុកមុន ឬ pre-orders នៅក្រៅប្រទេសជាង ១,២០០គ្រឿងផងដែរ ដែលបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះយានអវកាសប្រកបដោយភាពច្នៃប្រឌិតរបស់ចិន។

គួរជម្រាបដែរថា តាក់ស៊ីហោះដំបូងរបស់ចិន និងផលិតក្រោមស្នាដៃច្នៃប្រឌិតរបស់ក្រុមហ៊ុន EHang នេះមើលទៅដូចទៅនឹង Drone អ៊ីចឹងគ្រាន់តែថា វាមានទំហំធំ។ បើតាមរូបភាពដែលបង្ហាញតាក់ស៊ីហោះនេះមានត្រឹមតែ ២កៅអ៊ីប៉ុណ្ណោះ ដូច្នេះរាល់ការធ្វើដំណើរគឺ អាចទៅបានសម្រាប់មនុស្សចំនួន ២នាក់នឹងបើកបរដោយស្វ័យប្រវត្តិ។ តែយ៉ាងជុំវិញព៌ត៌មានលម្អិតផ្សេងទៀត ប្រភពមិនបានបង្ហាញនោះទេ៕