(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នោះ បានកើនឡើងជាង៤% នៅថ្ងៃច័ន្ទសប្តាហ៍នេះ ខណៈការកើនឡើងតម្លៃភាគហ៊ុននេះ គឺបន្ទាប់ពីមានរបាយការណ៍ពីកិច្ចព្រមព្រៀងរវាង Google និង Apple ក្នុងការបញ្ចូលមុខងារ AI Gemini ដាក់ក្នុងទូរស័ព្ទដៃ iPhone ជំនាន់ថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

Gemini គឺជាឧបករណ៍ឆ្លាតវៃសិប្បនិម្មិត AI របស់ Google រាប់ចាប់តាំងពី chatbots រហូតដល់ជំនួយការសរសេរកូដជាដើម។ យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថា Apple កំពុងពិភាក្សាជាមួយ Google ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផលិត iPhone ទទួលបានអាជ្ញាប័ណ្ណ និងបង្កើតម៉ាស៊ីន Gemini AI របស់ខ្លួនទៅក្នុង iPhone។ ប្រភពបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរកំពុងរចរចារយ៉ាងសកម្ម សម្រាប់មុខងារ Gemini ដើម្បីផ្តល់ថាមពលដល់មុខងារថ្មីៗមួយចំនួន ដែលនឹងចេញផ្សាយទៅកាន់កម្មវិធី iPhone នៅចុងឆ្នាំនេះ។

ការអាប់ដេត iPhone ដ៏ធំបន្ទាប់របស់ Apple គឺ iOS 18 ដែលត្រូវបានគេរំពឹងថា នឹងមកជាមួយមុខងារ AI ជាច្រើន ដើម្បីតាមឲ្យទាន់សម័យកាលនេះ។ ងាកមក នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ធ្លាប់បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅក្នុងខែកុម្ភៈកន្លងទៅថា ក្រុមហ៊ុនកំពុងវិនិយោគយ៉ាងសំខាន់ នៅក្នុង AI ប៉ុន្តែមិនបង្ហើបអ្វីលំអិតឡើយ។

ទោះជាយ៉ាងណាក៏ដោយ CNBC មិនអាចផ្ទៀងផ្ទាត់ឲ្យបានច្បាស់នោះឡើយ ពាក់ព័ន្ធនឹង របាយការណ៍របស់ Bloomberg ខណៈ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយ Alphabet មិនបានឆ្លើយតបភ្លាមៗ ជុំវិញដំណឹងខាងលើនេះ៕