(បរទេស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) វេទិកាផ្ញើសារដ៏ពេញនិយម Telegram លោក Pavel Durov បាននិយាយនៅលើ channel Telegram ផ្លូវការរបស់លោកថា ក្រុមហ៊ុនទទួលបានការវិនិយោគចំនួន ៣៣០លានដុល្លារ តាមរយៈការលក់មូលបត្របំណុលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក Durov បានសរសេរនៅលើ channel Telegram របស់លោកដោយលើកឡើងថា ការផ្តល់ជូននេះត្រូវបានជាវលើស ហើយលក្ខខណ្ឌនៃសញ្ញាប័ណ្ណមានភាពអំណោយផលសម្រាប់ក្រុមហ៊ុន។ លោកបានគូសបញ្ជាក់លម្អិតបន្ថែមទៀតថា «ការផ្តល់ជូនសញ្ញាប័ណ្ណនេះត្រូវបានជាវលើស ហើយយើងរីករាយដែលមានមូលនិធិសកលដែលមានកម្រិតខ្ពស់បំផុតជាមួយនឹងកេរ្តិ៍ឈ្មោះដែលមិនអាចកាត់ថ្លៃបានក្នុងនាមជាអ្នកចូលរួម។ លក្ខខណ្ឌនៃមូលបត្របំណុល (នៅពេលកែសម្រួលសម្រាប់អត្រា Federal Reserve) គឺអំណោយផលបំផុតសម្រាប់ Telegram ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនយើង»

លោក Durov មិនបានបញ្ចេញឈ្មោះស្ថាប័នណាខ្លះដែលបានចូលរួមក្នុងការវិនិយោគនេះនោះទេប៉ុន្តែលោកបានសម្តែងសេចក្តីរំភើបរីករាយជាងខ្លាំងជាមួយនឹងពាក្យមួយឃ្លាថា «ស្ថាប័នហិរញ្ញវត្ថុពិភពលោកឱ្យតម្លៃលើកំណើនកម្មវិធី Telegram របស់យើង»

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីសប្តាហ៍មុន លោក Durov បាននិយាយថា ក្រុមហ៊ុនមានបំណងទទួលបានប្រាក់ចំណេញនៅឆ្នាំក្រោយ។ លោកក៏បានលើកឡើងផងដែរថា Telegram កំពុងស្វែងរកជម្រើសមួយដើម្បីផ្សព្វផ្សាយជាសាធារណៈ។ «មូលហេតុចម្បងដែលយើងចាប់ផ្តើមរកប្រាក់ គឺដោយសារតែយើងចង់រក្សាភាពឯករាជ្យ។ និយាយជាទូទៅ យើងឃើញតម្លៃនៅក្នុង [IPO] ជាមធ្យោបាយមួយដើម្បីប្រជាធិបតេយ្យក្នុងការចូលទៅកាន់តម្លៃរបស់ Telegram»

យោងតាមប្រភពដែលដឹងពីកិច្ចព្រមព្រៀងបានបង្ហើបប្រាប់ Reuters ថាទិន្នផលបច្ចុប្បន្ននៃមូលបត្របំណុលគឺមានតម្លៃ ៧.៧ភាគរយ។ ដោយឡែកចំពោះកាលកំណត់សម្រាប់មូលបត្របំណុលគឺឆ្នាំ២០២៦ ឬនៅពេលដែល Telegram ចេញជាសាធារណៈ ទោះជាមួយណាមុនក៏ដោយ។ មូលបត្របំណុលទាំងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់តម្លៃ ៩១ដុល្លារ ពីតម្លៃដើម ៧៨ដុល្លារគិតត្រឹមរបាយការណ៍ចុងក្រោយនេះ៕