(ឡុងដ៏)៖ ក្លិប Nottingham Forest ត្រូវបានគណៈកម្មាការឯករាជ្យសម្រេចកាត់ចេញ ៤ពិន្ទុ ក្រោយពីនបានរកឃើញថា បានបំពានច្បាប់ហិរញ្ញវត្ថុ Premier League ហើយក្លិបនេះក៏បានធ្លាក់ចូលទៅកាន់តំបន់កាត់ចេញពីលីគរដូវកាលក្រោយផងដែរ។

ការកាត់ ៤ពិន្ទុនេះធ្វើឱ្យក្លិប Nottingham Forest ដែលស្ថិតក្រោមការដឹកនាំដោយលោក Nuno Espirito Santos បានធ្លាក់ចូលទៅក្នុងតំបន់កាត់ចេញពីលីគ Premier League ដោយមកមានត្រឹម ២១ពិន្ទុ ខណៈពីមុនពួកគេមាន ២៥ពិន្ទុឈរលេខរៀងទី១៧ តែពេលនេះបានធ្លាក់មកលេខរៀងទី១៨ ដ្បិតក្រុម Luton Town បានឡើងទៅលេខរៀងទី១៧ វិញ។

ខណៈនេះជាការទទួលបានការពិន័យតិចជាង ក្លិប Everton សម្រាប់ការបំពានច្បាប់នៃប្រាក់ចំណេញ និងច្បាប់និរន្តរភាព (PSR) ដោយសារតែពួកគេបានសារភាពកំហុស និងសហការយ៉ាងពេញលេញជាមួយគណៈកម្មាការឯករាជ្យ។

បញ្ជាក់ផងថា ក្លិប Nottingham Forest នៅមាន ៩ប្រកួតទៀត សម្រាប់ការប្រជែងឡើងឱ្យផុតពីតំបន់ការចោល ខណៈដើមឡើយពួកគេត្រូវបានសម្រេចកាត់ដល់ទៅ ៦ពិន្ទុ តែត្រូវបានបន្ថយមកត្រឹម ៤ពិន្ទុវិញ ក្រោយមានកិច្ចសហប្រតិបត្តិការរវាងក្លិប ហើយ Forest មានរយៈពេល ៧ថ្ងៃ ដើម្បីដំណើការបណ្តឹងឧទ្ធរណ៍ណាមួយនៅមុនពេលថ្ងៃផុតកំណត់នៅថ្ងៃទី២៤ ខែឧសភា៕