(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សង្ឃឹមគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) គួររួមគ្នារកដំណោះស្រាយ ដើម្បីអនុញ្ញាតឲ្យកីឡាករ សៀង ចន្ធា បានចូលលេងលីគកំពូលកម្ពុជាវិញ មុនការកំណត់ នៃរដូវកាលដោះដូរកីឡាករថ្មី ព្រោះ ចន្ធា គឺជាផ្នែកមួយដ៏សំខាន់នៃបាល់ទាត់កម្ពុជា ។

ការទទូចឲ្យមានការអនុគ្រោះខាងលើ ស្របពេលដំណើរចូលលេងលីគវិញរបស់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា ស្ថិតក្នុងភាពស្រពេចស្រពិល មិនទាន់អាចបង្ហាញខ្លួនជាមួយក្លិបបឹងកេតបានឡើយ ក្រោយរូបគេ បានបញ្ចប់កិច្ចសន្យាខ្ចីជើងមុនការកំណត់ជាមួយក្លិបក្របខណ្ឌលីគទី២ នៃប្រទេសកាតា AI Shahaniya SC កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ។

លោក Felix បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយរំពឹងមានការយល់ស្របដូចគ្នាថា ចន្ធា គឺកីឡាករម្នាក់ ដែល្អបំផុតក្នុងប្រទេស ព្រោះគេបានជម្នះខ្លួនឯង ទៅលេងក្រៅប្រទេស ដើម្បីភាពរីកចម្រើនខ្លួនឯងផង និងដើម្បីបាល់ទាត់កម្ពុជាផង ទាំងដឹងថា ការទៅលេងក្រៅប្រទេស មិនមែនជារឿងងាយស្រួល ពេលខ្លះអាចទទួលបានជោគជ័យ ហើយពេលខ្លះក៏មិនជោគជ័យក្ដី ។

«សម្រាប់ខ្ញុំ ទាំងក្រុមជម្រើសជាតិ ក៏ដូចជា CPL គួរតែជួយ ឬគាំទ្រ ចន្ធា ដើម្បីបង្កើតឱកាសឲ្យគាត់បានទទួលការប្រកួត ក៏ដូចជាត្រឡប់មកវិញ ពីព្រោះគាត់ជាផ្នែកមួយនៃក្រុមបាល់ទាត់កម្ពុជា ហើយគាត់ក៏ជាធនធានកីឡាករមួយដ៏សំខាន់ផងដែរ ។ អ៊ីចឹងយើងគួរគិតថា តើធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់មានឱកាសត្រឡប់មកចូលរួមការប្រកួតឡើងវិញ?»។ Felix បន្ថែម ។

បុរសជនជាតិអាហ្សង់ទីនដដែលបន្ដថា «យើងអត់ទាន់ដឹងថា CPL នឹងទទួលយក ចន្ធា លេងវិញឬអត់ទេ តែគំនិតខ្ញុំ សម្រាប់មនុស្ស ២នាក់ មនុស្សមួយគាត់ធ្វើ គាត់ព្យាយាម តែមនុស្សមួយចាំតែនិយាយហើយរិះគន់ ក្នុងនោះ ចន្ធា គាត់ព្យាយាមធ្វើ ប្រជែង និងជម្នះ ដើម្បីអភិវឌ្ឍន៍ខ្លួន ។ អ៊ីចឹងខ្ញុំគិតថា CPL គួរតែអនុញ្ញាតឲ្យ ចន្ធា ចូលលេង មុនការដោះដូរថ្មី បើសិនជាអាច ។ ពាក់ព័ន្ធនឹងច្បាប់នានា ខ្ញុំអត់ដឹងទេ តែបើអាចអត់ពាក់ព័ន្ធច្បាប់អ្វីទេ គួរតែអនុញ្ញាតឲ្យគាត់ចូល»

គួរដឹងថា សៀង ចន្ធា បានចាកចេញពីក្លិប AI Shahaniya SC មកកាន់ក្លិបបឹងកេតវិញ ជិត ២ខែមកហើយ តែរូបគេនៅមិនទាន់អាចលេងបានឡើយ ក្រៅពីការហ្វឹកហាត់ជាមួយមិត្ដរួមក្រុម ដោយសារផុតកាលបរិច្ឆេទនៃការដោះដូរកីឡាករ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ។ យ៉ាងណាមិញ ចន្ធា ត្រូវបានក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Felix Dalmas កោះហៅដើម្បីចូលរួមការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ។

ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីអារ៉ាប់ប៊ីសាអូឌីត កាលពីព្រឹកមិញ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមឆ្លងទ្វីបមកពី ២ប្រទេសផ្សេងគ្នា ពោលគឺត្រូវជួបក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក នាថ្ងៃទី២២ ខែមីនា (ត្រូវនឹងម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា នៅកម្ពុជា) និងប្រកួតទី២ ត្រូវជួបក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៦ ខែមីនា (ត្រូវនឹងម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា នៅកម្ពុជា) ៕