(បរទេស)៖ ក្រុមហ៊ុនអវកាស SpaceX របស់កំពូលមហាសេដ្ឋី Elon Musk ត្រូវបានររាយការណ៍មកថា កំពុងតែសំងំសាងសង់បណ្តាញអ៊ីធើណេតផ្តាយរណបចារកម្មថ្មី សម្រាប់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អាមេរិក (NRO) ខណៈគម្រោងនេះ គឺចាប់ផ្តើមតាំងពីឆ្នាំ២០២១មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge។

តាមរយៈរបាយការណ៍របស់ Wall Street Journal ក្នុងខែកុម្ភៈកន្លងទៅ បានចេញផ្សាយពី បញ្ជីកិច្ចសន្យាមានតម្លៃ ១.៨ពាន់លានដុល្លារ រវាងក្រុមហ៊ុនអវកាស SpaceX ជាមួយទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ដែលមិនបញ្ចេញឈ្មោះនៅពេលនោះ ហើយឥលូវត្រូវបានគេបង្ហើបថា ជាការិយាល័យស៉ើបអង្កេតជាតិរបស់អាមេរិក (NRO)។ តាមការចេញផ្សាយ ការសាងសង់បណ្តាញអ៊ីនធើណេតផ្កាយរណបនេះ គឺក្នុងគោលបំណងចម្បង ការពិារ និងគ្រប់គ្រងលើផ្នែកសុវត្ថិភាពចារកម្មផ្សេងៗក្នុងសហរដ្ឋអាមេរិក។

ទោះជាបែបនេះក្តី របាយការណ៍មិនបានបង្ហាញនោះទេថា តើពេលណាបណ្តាញនេះនឹងដំណើរការឬក្រុមហ៊ុនផ្សេងទៀតណាខ្លះពាក់ព័ន្ធ ស្របពេលដែល SpaceX ពិពណ៌នាអំពីគម្រោង Starshield នេះថាជាបណ្តាញផ្កាយរណបសុវត្ថិភាពដែលផ្តោតលើរដ្ឋាភិបាល ហើយលោក Elon Musk បានបង្ហោះសារលើ X ថាវា «នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយ DoD Space Force» ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រសិនបើកិច្ចសន្យា NRO ទទួលបានជោគជ័យ វានឹងក្លាយជាការជំរុញយ៉ាងសំខាន់នូវសមត្ថភាពរបស់រដ្ឋាភិបាល និងយោធាសហរដ្ឋអាមេរិក ក្នុងការស្វែងរកគោលដៅ ដែលមានសក្តានុពលយ៉ាងឆាប់រហ័សស្ទើរតែគ្រប់ទីកន្លែងលើពិភពលោក។

ជុំវិញរបាយការណ៍ខាងលើនេះ អ្នកនាំពាក្យ NRO ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើររបស់ Reuters អំពីការជាប់ពាក់ព័ន្ធរបស់ SpaceX នោះឡើយ៕