(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ។ ក្នុងនោះក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ នាវេលាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

ដោយឡែក នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ នៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនា រូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីទស្សនាក្រុងកោះរ៉ុងហើយ នៅល្ងាចថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៤ ថ្ងៃដដែល ក្រុមបវរកញ្ញាទាំង ៥០ប្រទេស ក៏បានបន្តទស្សនាការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ និងទស្សនាការស្ថាបនាខ្មែរធ្វើបាន និងទីតាំងព្រះថោងនាងនាគ ដែលជាកន្លែងទេសចរណ៍វប្បធម៌ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។

ក្រុមបវរកញ្ញា Universal Women ទាំង៥០ប្រទេស ត្រូវបានគេដឹងថា ដឹកនាំឲ្យតារាម៉ូដែល ប្រាសាទ ដាវីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំមួយនេះ​ ហើយក្រោយបញ្ចប់ការប្រកួត ក្រុមបវរកញ្ញា Universal Women បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ខណៈដែលការធ្វើដំណើរកម្សាន្តទាំងប៉ុន្មានថ្ងៃមកនេះ គឺបានបង្ហាញពីតំបន់ទេសចរណ៍ដ៏សំខាន់ៗរបស់កម្ពុជាជាច្រើនកន្លែង ក្នុងនោះមាននៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ជាមួយគ្នានេះក្រុមបវរកញ្ញាពិភពលោក ក៏បាននាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ បង់កក្រមា ចូលរួមពិធីលែងកូនត្រី និងជិះទូករាជហង្សកម្សាន្ត និមិត្តរូប អបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»