(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុន Longi Green Technology Energy របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៃបុគ្គលិកសរុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្រុមហ៊ុន Longi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា «បច្ចុប្បន្ននេះ ឧស្សាហកម្ម solar photovoltaic កំពុងប្រឈមមុខនឹងបរិកាសដ៏ស្មុគស្មាញ និងកំណើនប្រកួតប្រជែង»។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Longi បានគូសបញ្ជាក់ និងបកស្រាយបំភ្លឺ ជុំវិញរបាយការណ៍ដែលព័ត៌មានអនឡាញជាច្រើនបានផ្សព្វផ្សាយអំពីផែនការរបស់ក្រុមហ៊ុនក្នុងការបញ្ឈប់បុគ្គលិកប្រមាណ ៣០ភាគរយនោះ គឺមិនពិតនោះទេ។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បុគ្គលិករបស់ Longi កាលពីឆ្នាំមុនមានចំនួនសរុបប្រហែល ៨ម៉ឺននាក់ឯណោះ ប៉ុន្តែបើតាមគេហទំព័ររបស់ Longi ផ្ទាល់បានបង្ហាញថាក្រុមហ៊ុនបច្ចុប្បន្ននេះមានបុគ្គលិកសរុបត្រឹមតែ ៦០,៦០១គិតត្រឹមខែមេសា ឆ្នាំ២០២៣។

គួរជម្រាបដែរថា គម្រោងបញ្ឈប់បុគ្គលិករបស់ Longi នេះគឺដើម្បីកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនស្របតាមនិន្នាការទូលំទូលាយនៅក្នុងឧស្សាហកម្មថាមពលព្រះអាទិត្យ ដែលអ្នកផលិតកំពុងប្រឈមមុខនឹងការលក់ក្នុងតម្លៃផលិតកម្ម ឬទាបជាងតម្លៃផលិតកម្ម ដោយសារបរិមាណលើសចំណុះជាសកល និងការធ្លាក់ចុះនៃតម្លៃ Solar នាពេលបច្ចុប្បន្ន៕