(ភ្នំពេញ)៖ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីទទួល ស្វាគមន៍ស្ត្រីចក្រវាល Universal Woman 2024 ដែលមកពី៥០ប្រទេស ជុំវិញពិភពលោក ក្រោមអធិបតីភាពលោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សិស្ស-និស្សិត និងអ្នកគាំទ្រយ៉ាងច្រើនកុះករ។

អ្នកនាង ប្រាសាទ ដាវីន ស្រ្តីចក្រវាល ឆ្នាំ២០២៣ តំណាងព្រះរាជាណាចក្រកម្ពុជា បានមានចំណាប់អារម្មណ៍ថា នេះជាឱកាសមួយដែល ស្រ្តីចក្រវាល មកពី៥០ប្រទេស ជុំវិញពិភពលោក បានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ អរិយធម៌ និងភាព រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា នាសម័យសន្តិភាព។

យោងតាមមតិស្វាកមន៍របស់លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា កម្មវិធីស្ត្រីចក្រវាល ត្រូវបានរៀបចំឡើង កាលពីឆ្នាំ២០២៣ ម្តងរួមមកហើយ នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ហើយនេះជាលើកទី២ ដែលត្រូវរៀបចំ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពី ទេសចរណ៍ វប្បធម៌ សាមគ្គីភាព ភាតរភាពរវាងជាតិសាសន៍ទាំងអស់ នៅលើពិភពលោក ជាពិសេសជួយផ្សព្វផ្សាយអំពី ភាពរីកចម្រើន លើគ្រប់វិស័យរបស់ ព្រះរាជាណាចក្រកម្ពុជា នាសម័យសន្តិភាព និងដើម្បីចូលរួម ដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកនូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ ស្ត្រីចក្រវាល Universal Woman 2024 ទាំងអស់បានចំណាយពេលវេលាធ្វើទស្សនកិច្ច សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដូចជាអគារសិក្សា អគារស្នាក់នៅនិស្សិត ថ្នាក់រៀន បណ្ណាល័យ បណ្ណាល័យអេឡិចត្រូនិច (Digital Library) បន្ទប់ពិសោធន៍ (Lab) និងមហាវិទ្យាល័យទាំង១២ ដែលបណ្តុះបណ្តាលលើ ៤២មុខជំនាញ និងបានបញ្ចូលកម្មវិធី សិក្សាបន្ថែម ដូចជាទស្សនកិច្ចសិក្សា កម្មសិក្សាការ ចុះហ្វឹកហាត់ការងារ (Practical Training) ក្នុងកម្មវិធីសិក្សា របស់និស្សិតរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ក្នុងគោលបំណង ឱ្យនិស្សិត ទទួលបានទាំងការសិក្សា ទ្រឹស្តីទាំងការអនុវត្តជាក់ស្ដែង និងដើម្បីឈ្វេង យល់បន្ថែម នូវចំណេះដឹងថ្មីៗ ឆ្លើយតបទៅនឹងការ វិវត្តជាក់ស្តែង នៃមុខជំនាញសិក្សារបស់និស្សិត ស្របតាមបាវចនារបស់ប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ផងដែរ៕