(ភ្នំពេញ)៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត ចំនួន ១០០ នាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមដំណើរផ្លាស់ប្តូរនៃការសិក្សារបស់ពួកគេ ដែលជាការចូលរួមចំណែកពង្រឹងវិស័យអប់រំ។

នៅក្នុងពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ មានការគោរពអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាភ្ងៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះផងដែរ។

ក្នុងឱកាសនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ចំពោះគំនិតផ្ដួចផ្ដើមបង្កើតកម្មវិធីអាហារូបករណ៍នេះឡើងដើម្បីផ្ដល់ឱកាសដល់និសិ្សតឱ្យមានលទ្ធភាពបន្តថ្នាក់ឧត្តមភាពសិក្សារបស់ខ្លួន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ការអប់រំគឺជាកម្លាំងចលនាផ្លាស់ប្តូរសម្រាប់ជីវិតរស់នៅ សហគមន៍ និងអនាគតរបស់ប្រទេសជាតិយើង ដែលជាគន្លឹះឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់»

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា «ខ្ញុំលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់គ្នា ឱ្យចាប់យកឱកាសដ៏ល្អមួយនេះ ដែលផ្តល់ដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមសិស្សនិស្សិតទាំងអស់គ្នា ខិតខំប្រឹងប្រែងរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។»

លោកបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យនិសិ្សតអាហារូបករណ៍ ចេន ហ្ស៊ី ទាំងអស់ប្រើប្រាស់ឱកាសនេះ ដើម្បីជំរុញការសិក្សាអប់រំរបស់ពួកគេ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអនាគតរបស់កម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា «អាហារូបករណ៍នេះ មិនត្រឹមតែពង្រឹងភាព ជឿជាក់ប៉ុណ្ណោះទេ ថែមទាំងផ្តល់សិទ្ធអំណាចឱ្យសិស្សនិសិ្សតកំណត់ជោគវាសនា របស់ខ្លួន និងរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ»

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបបានសម្តែងការដឹងគុណចំពោះការជ្រុំជ្រែងជាបន្តបន្ទាប់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។

លោក Gabriel Tan លើកឡើងថា «អាហារូបករណ៍ ចេន ហ្ស៊ី មិនត្រឹមតែជួយលើថ្លៃសិក្សារបស់និស្សិតប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ ការសិក្សា និងការលូតលាស់របស់សិស្សនិសិ្សត ទៀតផង។ ជាពិសេសអាហារូបករណ៍ក៏ផ្តល់នូវ ការបណ្តុះបណ្តាល ដល់និសិ្សតពីសំណាក់បុគ្គលិករបស់ព្រីនស៍ ផ្ទាល់រួមទាំងផ្តល់នូវឱកាសកម្មសិក្សា និង ឱកាសការងារដែលមានសក្តានុពលដល់និសិ្សតក្រោយបញ្ចប់ ការសិក្សាផងដែរ»

នៅក្នុងកម្មវិធីនេះក៏មានការថ្លែងសន្ទរកថាពីតំណាងនិសិ្សតអាហារូបករណ៍គឺ កញ្ញា បូរ លីហ្សា ជានិសិ្សត អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី១ ដែលសព្វថ្ងៃជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ជំនាញផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ។

កញ្ញាបានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់អាហារូបករណ៍ថា «អាហារូបករណ៍ ចេន ហ្ស៊ី មិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបានជំរុញការលូតលាស់ របស់ពួកយើង រួមទាំងពង្រីកទស្សនៈនិងស្គាល់ពីពិភពលោកខាងក្រៅឱ្យកាន់តែទូលំទូលាយ»

អំឡុងពេលប្រារព្ធកម្មវិធី ក៏មានការផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ជានាឡិកាដៃ ដែលផលិតដោយអ្នកផលិតនាឡិកាជនជាតិខ្មែរ២រូបដែលបានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជូនដល់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលនាឡិកានេះ ជានិមិត្តរូបនៃស្នាដៃរបស់កូនខ្មែរ មានជំនាញខ្ពស់ក្នុងការផលិតនាឡិកា ក្រោមការបង្ហាត់បង្រៀនពីអ្នកជំនាញ ជនជាតិស្វីស។

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ដើម្បីមាន ចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត៕